អាជ្ញាធររាជធានី ខេត្ត និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ត្រូវម្ចាស់ការដឹកនាំ និងសម្របសម្រួលរាល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងដែនដីរបស់ខ្លួន ព្រមទាំងយកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យ និងកែសម្រួលផែនការនិងវិធានការពាក់ព័ន្ធ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ខ្លួនមានលក្ខណៈពហុវិស័យនិងគ្រប់ជ្រុងជ្រោយ។ ម្យ៉ាងវិញទៀតជាមួយនឹងការបន្តពង្រឹងសកម្មភាពអនុវត្តច្បាប់ក៏ត្រូវយក
ចិត្តទុកដាក់លើការពង្រឹងការអនុវត្តវិធានការរដ្ឋបាលឱ្យជាប់ជាប្រចាំនៅតាមគោលដៅងាយកើតមានបទល្មើស គ្រឿងញៀនដូចជា ក្លឹបកំសាន្ត ខារ៉ាអូខេ ផ្ទះសំណាក់ ផ្ទះជួល ខុនដូ សណ្ឋាគារ រោងចក្រផលិតដែលមាននាំចេញ នាំចូល រក្សាទុកនិងប្រើប្រាស់សារធាតុគីមីផ្សំ ដើម្បីកាត់បន្ថយបទល្មើស និងឈានទៅបង្រួមនិងកាត់ផ្ដាច់ខ្សែ ចង្វាក់ផ្គត់ផ្គង់គ្រឿងញៀន។ នេះជារការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងសារលិខិត សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ពិសេសមាតាបិតា អាណាព្យាបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធដទៃទៀតត្រូវបន្តយកចិត្តទុកដាក់អប់រំកូនចៅ កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ជាមួយនេះ ក៏សូមបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀត ក្នុងការកំណត់មុខសញ្ញាល្មើស និងរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានឬសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បីឈានទៅមានវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមខ្លឹមសារគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលនិងទិសស្លោក “៣កុំ ១រាយការណ៍ ដែលក្នុងនោះ ទី១ គឺកុំពាក់ព័ន្ធ៖ មានន័យថា កុំជួញដូរ កុំចែកចាយ កុំធ្វើជាខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ កុំទី២ គឺកុំអន្តរាគមន៍៖ មានន័យថា កុំរារាំងការអនុវត្តច្បាប់ចំពោះ ឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិឬមិត្តភក្តិក៏ដោយ។ រីឯ កុំទី៣ គឺកុំលើកលែង៖ មានន័យថា កុំបន្ធូរបន្ថយ ការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន៕
អត្ថបទ៖ អក្ខរា