គណៈកម្មការទី៦ព្រឹទ្ធសភា (គណៈកម្មការនីតិកម្ម និងយុត្តិធម៌) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន និងគណៈកម្មការទី៤ព្រឹទ្ធសភា (គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិកាកិច្ច និងមុខងារសាធារណៈ) ដឹកនាំដោយឯកឧត្តម សុខ ឥសាន បានប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ជាជំហានដំបូង អំពីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
សេចក្ដីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនេះ មាន៨មាត្រា ដែលមានចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ,ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ,ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ គោលបំណងនៃការធ្វើវិសោធនកម្ម គឺដើម្បីលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។
យោងតាមសេចក្ដីថ្លែងហេតុ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ពាក់ព័ន្ធបោះឆ្នោត បានកំណត់ជាពិសេសសម្រាប់បុគ្គលដែលមានបំណងឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវតែបានចូលរួមបោះឆ្នោតក្នុងព្រឹត្តិការណ៍បោះឆ្នោតនានា នៅមុនអាណត្តិដែលខ្លួនឈរឈ្មោះឱ្យគេបោះឆ្នោត និងបានកំណត់ពីការផាកពិន័យ និងដាក់ទោសដល់បុគ្គល ដែលរំខាន និងរារាំងដំណើរការចុះបញ្ជីឈ្មោះបោះឆ្នោត ក៏ដូចជាការរំខាន រារាំង ឬអុកឡុកការបោះឆ្នោត៕
អត្ថបទ៖ អក្ខរា