ទីលានទុកដាក់សំរាមតម្លៃជាង៤លានដុល្លារក្នុងខេត្តកំពង់ធំ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រង និងប្រតិបត្តិការបន្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី អាជ្ញាធរខេត្ត នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ។
ក្នុងពិធីសម្ពោធនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន និងក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។
ឯកឧត្តម បានបន្តថា ទីលានទុកដាក់សំរាមដែលមានលក្ខណៈស្របតាមបទដ្ឋានបច្ចេកទេសស្តង់ដារបែបនេះ គឺពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅ របស់ពលរដ្ឋ នៅក្នុងតំបន់ ក៏ដូចជាតំបន់ជុំវិញ។ ជាពិសេស គឺកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព ការបំពុល និងការបំផ្លាញបរិស្ថាន ព្រមទាំងធ្វើឱ្យខេត្តកំពង់ធំមានភាពស្រស់បំព្រងប្រកបដោយបរិយាប័ន្នផងដែរ។
គួរបញ្ជាក់ថា ទីលានទុកដាក់សម្រាមដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ទីលានជាគម្រោងមួយនៅក្នុង គម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារADB ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ជាង៤លាន ដុល្លារអាមេរិក ដោយចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ វិច្ឆិកា ២០២២។
ទីលានទុកដាក់សំរាមនេះ សាងសង់លើផ្ទៃដីទំហំ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា។រណ្តៅទុកដាក់សំរាមមានទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា។ តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ម៉ែត្រ គីតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ ម៉ែត្រគូប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល២០ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣៦ ៤៧៨នាក់ នៅក្នុងជុំវិញទីរួមខេត្តកំពង់ធំ៕
អត្ថបទ៖ ពុទ្ធិកា