យុវជនក្រីក្រ និងងាយរងគ្រោះចំនួន ១.៥ លាននាក់ នឹងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនានា ចាប់ពីខែ សីហា ឆ្នាំ២០២៣ នេះតទៅ។នេះបើតាមការឱ្យដឹងពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ថ្លែងក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀង កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមធ្វើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ និងងាយរងគ្រោះចំនួន ១.៥ លាននាក់ ចាប់ពីខែ សីហា ឆ្នាំ២០២៣ នេះតទៅ ខណៈនេះគឺជាគោលនយោបាយមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនមកកាន់ប្រទេសកម្ពុជា និងការបង្កើនកម្លាំងពលកម្មជំនាញនៅក្នុងប្រទេស។
នាឱកាសនោះ សម្តេចតេជោ បានបញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជា បានផ្ដល់គោលការណ៍ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយក្រសួងពាក់ព័ន្ធរៀបចំផែនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានចំនួនសរុបប្រមាណ ១.៥ លាននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត។
សម្តេចតេជោ អះអាងទៀតថា ការបង្កើតឱ្យមានការបណ្តុះបណ្តាលយុវជនក្រីក្រនេះ គឺដើម្បីបំពេញតម្រូវការទីផ្សារការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធរបស់ប្រទេសកម្ពុជា ខណៈសម្តេចយល់ថា សក្តានុពលកម្ពុជា មានកម្លាំងវ័យក្មេងច្រើន ប៉ុន្តែសមត្ថភាពនៅមានកម្រិត ដូច្នេះហើយបានជាសម្តេចណែនាំឱ្យគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចសិក្សា ដោយផ្តោតលើលទ្ធភាពដល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសយុវជនក្រីក្រ១លាន ៥សែននាក់ឱ្យអាចដំណើរការទៅបាន។
សូមរម្លឹកដែរថា ពាក់ព័ន្ធរឿងនេះដែរ កាលពីថ្ងៃទី២០ ខែមិថុនានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈជាមួយសាលាអន្តរជាតិកម្ពុជា-សិង្ហបុរី ( SCIA) របស់សិង្ហបុរី ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន ក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ១.៥ លាននាក់នេះផងដែរ។ ការបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមអនុវត្តនៅខែសីហា ឆ្នាំ២០២៣តទៅ៕
អត្ថបទ៖ ពិសី