លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ស្រុកល្វាឯម នឹងក្លាយជាទីក្រុងរណបថ្មីមួយ ក្រោយស្ពានឆ្លងកាត់ពីជ្រោយចង្វារ មកកាន់ក្រុងអរិយក្សត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកកៀនស្វាយ មកស្រុកល្វាឯមស្ថាបនារួចនៅឆ្នាំ២០២៧ខាងមុខនេះ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ២ខ្សែ ផ្លូវក្រាលគ្រួសក្រហម ចំនួន១ខ្សែ នៅស្រុកល្វាឯម ខេត្តកណ្តាល កាលថ្ងៃទី២៣ ខែមិថុនា លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា គម្រោងស្ពានដែលឆ្លងកាត់ពីស្រុកកៀនស្វាយ មកស្រុកល្វាឯមនេះ គ្រោងនឹងធ្វើថ្នល់លើអាកាស រហូតដល់ផ្លូវល្បឿនលឿនតែម្ដង តែឆ្លងកាត់តាមការពិចារណាក្នុងទិសដៅ ដើម្បីផលប្រយោជន៍ប្រជាជន ក្រសួងសាម៉ីពាក់ព័ន្ធ បានពិភាក្សាគ្នាដោយឈរលើផលប្រយោជន៍ប្រជាជនជាធំ ក៏សម្រេចថា សាងសង់ជាផ្លូវក្រោមវិញ ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋទាំងផ្នែកសេដ្ឋកិច្ចដីធ្លី និងការធ្វើដំណើរផងដែរ។
លោកបន្តថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា បាននិងកំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរ នៅលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយក្ដីសង្ឃឹម។
រាជរដ្ឋាភិបាល បានបង្ហាញគម្រោងសាងសង់ស្ពានចំនួនពីរ ភ្ជាប់ទៅតំបន់អរិយក្សត្រ ដែលស្ពានមួយបានសុំពីរដ្ឋាភិបាលកូរ៉េ ធ្វើពីជ្រោយចង្វារទៅកាន់អរិយត្សក្រ និងស្ពានមួយទៀត ឆ្លង់កាត់ត្រង់ក្តីតាកុយទៅកាន់ខាងល្វាឯម ដើម្បីធ្វើការតភ្ជាប់ទំនាក់ទំនងគ្នា៕