ក្រសួងមហាផ្ទៃ អះអាងថា អំពីសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលសេចក្តីព្រាងច្បាប់នេះ មិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋឡើយ ផ្ទុយទៅវិញគឺបានពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋចំពោះជាតិ មាតុភូមិ និងប្រជាជន ក្នុងនាមជាប្រជាពលរដ្ឋល្អ និងជាគំរូល្អ នៅក្នុងសង្គមប្រជាធិបតេយ្យ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៨ ខែមិថុនានេះ ក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងរយៈពេលជាង៣ទសវត្សរ៍ កន្លងមកកម្ពុជា តែងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមស្មារតីនៃរដ្ឋធម្មនុញ្ញ ដោយប្រកាន់យករបបនយោបាយតាមបែប «ប្រជាធិបតេយ្យសេរីពហុបក្ស» ដែលស្តែងចេញតាមរយៈដំណើរការជាទៀងទាត់នូវការបោះឆ្នោតទាំងសកល និងអសកល សរុបចំនួន ១៨លើក។ ផ្អែកលើមូលដ្ឋាននេះ ក៏បានបង្ហាញថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា បានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គម ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងស្មារតីបន្តលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្ដើមរៀបចំ «សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត» និងត្រូវបានរដ្ឋសភាអនុម័តក្នុងសម័យប្រជុំពេញអង្គ លើកទី៩ នីតិកាលទី៦ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
លើសពីនេះទៀត ការកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ដូចមានចែងនៅក្នុងសេចក្ដីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ត្រង់វាក្យខណ្ឌទី៥ នៃមាត្រា ៣៤ ថ្មី (មួយ) ដែលចែងថា «បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់»។
ទន្ទឹមនេះ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺសំដៅទប់ស្កាត់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋ ឬការធ្វើសកម្មភាពខូចដល់កិច្ចដំណើរការនៃការបោះឆ្នោត និងបំភិតបំភ័យ អុជអាល ញុះញង់ ប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត។
សេចក្តីព្រាងច្បាប់នេះ មិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេ ដោយ «ការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញ និងក៏ពុំមែនជាកាតព្វកិច្ច ដូចបានកំណត់នៅតាមបណ្តាប្រទេសប្រជាធិបតេយ្យសេរី មួយចំនួននោះដែរ។ ផ្ទុយទៅវិញសេចក្តីព្រាងច្បាប់នេះ បានពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋចំពោះជាតិ មាតុភូមិ និងប្រជាជន ក្នុងនាមជាប្រជាពលរដ្ឋល្អ និងជាគំរូល្អ នៅក្នុង សង្គមប្រជាធិបតេយ្យ៕