សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានលេីកឡេីងថា នៅផ្ទៃក្នុងប្រទេស ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ មួយចំនួន នៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតនិងប្រើប្រាស់គ្រប់ល្បិចកល ដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ។
សម្តេចមានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ ចំនួន ៣ ៨០៤នាក់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
សម្តេចក្រឡាហោម បានណែនាំអង្គពិធីឲ្យចូលរួមបង្ការទប់ស្កាត់រាល់សកម្មភាពនានា និងឧបាយកលដែល ប៉ុនប៉ងរំលោភបំពានបំផ្លាញដំណើរការបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោត ព្រមទាំង សកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមតាមគ្រប់រូបភាព ជាពិសេសត្រូវលើកកម្ពស់ការគោរពអនុវត្តឱ្យបានត្រឹមត្រូវនូវច្បាប់ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត។
សម្ដេចក៏បានណែឱ្យចូលរួមបំផុស អប់រំ លើកទឹកចិត្តប្រជាពលរដ្ឋអំពីតម្ល និងសារសំខាន់នៃការបោះឆ្នោត ដើម្បីប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងធ្វើការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ គ.ជ.ប ។
សម្ដេចក៏បានរម្លឹកដាស់តឿនឱ្យមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុម ការងារគណបក្ស ដែលចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្ស ក្នុងពេលម៉ោងថ្ងៃបំពេញការងារ ត្រូវសុំច្បាប់ឈប់សម្រាកពីការងារតាមការកំណត់ និងមិនត្រូវប្រើប្រាស់ឯកសណ្ឋានការងារ យានយន្ត មធ្យោបាយ សម្ភារ ថវិកា របស់រដ្ឋ ចូលរួមក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនោះឡើយ៕