ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនាជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»។
គណៈប្រតិភូក្រុមប្រឹក្សាវប្បធម៌អាស៊ី ដឹកនាំដោយ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ព្រមទាំងគណៈប្រតិភូអង្គការពុទ្ធសាសនិកពិភពលោក ដឹកនាំដោយ ព្រឹទ្ធបុរស Phallop Thaiarry ប្រធានអង្គការពុទ្ធសាសនិកពិភពលោក(WFB) ចូលក្រាបបង្គំគាល់ និងថ្វាយព្រះរាជគោរមងារ “ព្រះរាជពុទ្ធមាម កាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក” ជាផ្លូវការថ្វាយដល់ ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។
សូមជម្រាបថា «ពុទ្ធមាមកាភិបាល (Patron of The WFB)»៖ គឺជាគោរមងារដែលផ្តល់ជូនដល់ថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រង ថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនានានា រួមទាំងសកម្មភាពរបស់ WFB។ «ព្រះរាជពុទ្ធមាមកាភិបាល (Royal Patron of The WFB)» ជាគោរមងារសម្រាប់ផ្តល់ជូនដល់ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ហើយមានអត្ថន័យដូចគ្នាទៅនឹង ពុទ្ធមាមកាភិបាល ដែលប្រើប្រាស់សម្រាប់ថ្នាក់ដឹកនាំក្នុងអាណាចក្រ។
កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល»នេះផងដែរ។
គោរមងារនេះ ធ្លាប់បានថ្វាយ និងប្រគេនជូនសម្តេចព្រះសង្ឃរាជ ព្រះមហាថេរ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសកាន់ព្រះពុទ្ធសាសនា រួមមាន៖ សម្តេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ, ព្រះមហាថេរ មហានាយកនៃសាធារណរដ្ឋស្រីលង្កា, ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ, ប្រធានាធិបតីនៃប្រទេសនេប៉ាល់, ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា, ប្រធានាធិបតីនៃសាធារណរដ្ឋស្រីលង្កា, នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន៕
អត្ថបទ៖ អក្ខរា