សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ បានលើកឡើងពីរឿងនយោបាយនៅពីការធ្វើបាតុកម្មរបស់បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើល ដែលធ្វើឲ្យមានការអូសបន្លាយមកដល់ពេលនេះ។ សម្តេចបញ្ជាក់ថា ដោយតែមានរឿងនយោបាយនៅពីក្រោយខ្នងនេះហើយ ទើបសម្តេចមិនខ្វល់ពីបាតុកម្មនេះ ប៉ុន្តែសម្តេចខ្វល់ខ្វាយចំពោះកម្មករកម្មការិនីតាមរោងចក្រ។
សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “រឿងណាហ្គាវើល ពូអត់និយាយទាល់តែសោះ ព្រោះយើងដឹងតម្រុយមានអ្វីនៅពីក្រោយ រហូតដល់គេធ្វើអន្តរជាតូបនីយកម្មលើបញ្ហាបាតុកម្មនៅណាហ្គាវើល”។
ជុំវិញបញ្ហាបាតុកម្មនៅណាហ្គាវើលនេះ ប្រមុខរាជរដ្ឋាភិបាលបានដាក់ជាសំណួរថា អត់មានការងារធ្វើ តែមានលុយចិញ្ចឹមខ្លួនធ្វើបាតុកម្ម តើនេះជាអ្វីឲ្យពិតប្រាកដ? បើសិនជាក្មួយៗ រត់រួចទេ២ឆ្នាំអត់មានប្រាក់ តែមានលុយមកធ្វើបាតុកម្ម។ ចឹងពួកហ្នឹងជាអ្នកមានលុយ មិនមែនជាបាតុករធម្មតាទេ ហើយអ្នកណាជាអ្នកផ្គត់ផ្គង់លុយឲ្យធ្វើបាតុកម្ម? វាជារឿងដែលមានសញ្ញា ? នៅពីក្រោយ។
សម្តេចតេជោ បានបញ្ជាក់ទៀតថា បាតុកម្មរបស់បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលនេះ តាំងពីជាង ៣០០នាក់ រហូតដល់មានដំណោះស្រាយសម្រាប់កម្មករសល់តែប្រមាណ ២០នាក់ នៅតែបន្តធ្វើបាតុកម្ម។ សម្តេចក៏បានជំរុញឲ្យក្រុមនោះ បន្តធ្វើបាតុកម្មទៀត បើអូសដល់៥ឆ្នាំទៅទៀតក៏មិនអីដែរ តែសូមកុំបិទផ្លូវឲ្យសោះ បើមិនដូច្នោះទេ អាជ្ញាធរនឹងចាត់វិធានការដោយដាក់បន្លារលួសព័ទ្ធ ព្រោះធ្វើឲ្យប៉ះពាល់សិទ្ធិអ្នកដទៃក្នុងការធ្វើចរាចរណ៍៕
អត្ថបទ៖ អក្ខរា