ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីណែនាំរបស់ស្តីពីការទប់ស្កាត់ការផលិតស្នាដៃវីដេអូ និងមាតិកាកម្សាន្ត (Entertainment Content) គ្រប់ទម្រង់ដែលមានផលប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្រ្តី និងកុមារ។
ក្នុងសេចក្តីណែនាំផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមិថុនានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា ថ្មីៗនេះ មានអ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត (Entertainment Content) និងអ្នកសម្ដែងក្រៅប្រព័ន្ធតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានធ្វើការផលិតវីដេអូខ្លីៗ និងមាតិកាកម្សាន្ត ដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ។
ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ពិសេសការចូលរួមគោរពនិងលើកស្ទួយសិទ្ធិស្ត្រី និងកុមារ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការណែនាំដល់អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត ព្រមទាំងអ្នកសម្ដែងតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមទាំងអស់ សូមបញ្ឈប់ជាបន្ទាន់នូវការផលិត ការផ្សព្វផ្សាយ ឬការចែកចាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តដែលមានចរិតលក្ខណៈអាសអាភាស ស្រើបស្រាល ហិង្សា អសីលធម៌ ចាប់ពីថ្ងៃចេញសេចក្ដីណែនាំនេះតទៅ។
ក្នុងករណីដែលបុគ្គល ឬក្រុមណាមួយ នៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានដូចបានរៀបរាប់ខាងលើ ក្រសួងនឹងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ស្របតាមបទបញ្ញត្តិ ច្បាប់ដែលមានជាធរមាន។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្ឃឹមនិងជឿជាក់ថា អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត ព្រមទាំងអ្នកសម្ដែងក្រៅប្រព័ន្ធតាមបណ្តាញទំនាក់ទំនងសង្គមទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ អក្ខរា