សម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានភាពិក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់៦ ទៀតទាក់ទងវិស័យថាមពលអគ្គិសនី។
គម្រោងអភិវឌ្ឍថាមពលអគ្គិសនីនៃសេចក្តីព្រាងច្បាប់ទាំង៦នេះ ដែលរដ្ឋសភាពអះអាងថា បានផ្តល់គុណប្រយោជន៍យ៉ាងធំធេង ក្នុងការរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល អភិវឌ្ឍសេដ្ឋកិច្ចជាតិសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះគម្រោងអភិវឌ្ឍថាមពលអគ្គិសនី នេះ ក៏បានផ្តល់គុណប្រយោជន៍ផ្សេងទៀតផងដែរដូចជា ការទទួលបានអគ្គិសនីពីប្រភពថាមពល ស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ដែលបញ្ចេញឧស្ម័នកាបូន និងធានារក្សាបាននូវបរិស្ថានល្អ ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ មានប្រភពថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់បាន គ្រប់គ្រាន់ មានស្ថេរភាព និងធានាសន្តិសុខថាមពល។ មានបណ្តាញផ្គត់ផ្គង់អគ្គិសនីគ្របដណ្តប់ ទូទាំងប្រទេស។ ធានាបានទាំងអត្រាថ្លៃសមរម្យ គុណភាព ចីរភាព និងសុវត្ថិភាពនៃប្រភពអគ្គិសនី។ នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋ ទាំងក្នុងពេលសាងសង់ និងដំណើរការ។ ចំណូលពន្ធចូលថវិការដ្ឋ និងចំណូលមិនមែនសារពើពន្ធដ៏ទៃទៀត។
សេចក្តីព្រាងច្បាប់៦ ទៀតទាក់ទងវិស័យថាមពលអគ្គិសនី ដែលត្រូវបានអង្គសភាអនុម័តយល់ព្រម រួមមាន៖
១. សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។
២. សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង។
៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់
៤. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ខេត្តស្វាយរៀង
៥. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោង អភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង
៦. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្ទឹង មេទឹក ហាយដ្រូផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងមេទឹក អានុភាព១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង៕
អត្ថបទ៖ អ្ខរា