ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មគាំទ្រនូវសំណូមពររបស់អង្គសន្និបាតក្នុងការលើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ព្រមទាំងអាចពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរនោះផងដែរ។
សូមជម្រាបថា អាកាសយានដ្ឋានសៀមរាបចាស់នឹងត្រូវបិទដំណើរការជាស្ថាពរ ក្រោយការដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នៅខែតុលា ឆ្នាំ២០២៣ខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ បានសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd(AIAI) ក្រោមទុនវិនិយោគប្រមាណ ៨៨០លានដុល្លារ ប៉ុន្តែបានកើនឡើងដល់ជាង ១១០០លានដុល្លារ ដោយសារតែវិបត្តិផ្សេងៗ ដែលធ្វើឱ្យតម្លៃសាងសង់កើនឡើងលើសពីការគ្រោងទុក។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត/លំដាប់ថ្នាក់ 4E ដែលអាចទទួលការចុះចតយន្តហោះប្រភេទធំ និងមកពីរឆ្ងាយៗ ព្រមទាំងទទួលអ្នកដំណើរបានពី ៧លាននាក់ ទៅ ១០លានក្នុងមួយឆ្នាំ និងមានឃ្លាំងផ្ទុកទំនិញបានរហូតដល់ ១០ម៉ឺនតោនក្នុងមួយឆ្នាំ។ បើមិនមានអ្វីប្រែប្រួលទេ ពិធីសម្ពោធដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ នឹងរៀបចំឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលចិន៕
អត្ថបទ៖ អក្ខរា