ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត 

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ ថា “ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលបាន និងកំពុងរស់នៅក្នុងសន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ខ្ញុំសូមប្រកាសគាំទ្រចំពោះការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោតនេះ ដើម្បីចូលរួមលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ”។

ឯកឧត្តមបន្តថា “បើទោះបីជាខ្ញុំត្រូវអវត្តមានពីអង្គប្រជុំដោយមានធុរៈចាំបាច់ ខ្ញុំបានតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតនូវដំណើរការនៃការពិភាក្សា នៃសេចក្តីព្រាងច្បាប់មួយនេះ។ ការធ្វើវិសោធនកម្មនាពេលនេះ គឺជាការបញ្ជាក់ឡើងវិញនូវការ ទទួល ខុសត្រូវ និងគុណសម្បត្តិ ដែលបេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវមាន សម្រាប់បង្ហាញពីការជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ នៃប្រទេសរបស់ខ្លួន ដោយមិនបានដកហូត ឬរឹតបន្តឹងសិទ្ធិជាមូលដ្ឋានណាមួយឡើយ។ ផ្ទុយមកវិញ វិសោធនកម្មនាពេលនេះ ជាការបង្កើនទំនុកចិត្តកាន់តែខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ចំពោះបេក្ខភាព ដែលឈរឈ្មោះជាតំណាងរបស់ខ្លួន។ ជាងនេះទៅទៀត ការធ្វើវិសោធនកម្មនេះ ក៏នឹងចូលរួមចំណែកក្នុងការធានាភាពរលូន និងការជឿទុកចិត្តបាន នៃដំណើរការ បោះឆ្នោត និងក៏ដូចជាការឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីភាពចាស់ទុំរបស់កម្ពុជា ជានីតិរដ្ឋ៕