រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើត និងបំពេញបន្ថែមអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលឱ្យស្ថិតនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធភាព និងសក្តិសិទ្ធិភាពនៃការដឹកនាំការគ្រប់គ្រង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសកម្ពុជា។ នេះបើតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងអនុក្រឹត្យបញ្ជាក់ថា អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បំពេញមុខងារជាសនាធិការឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើបេសកកម្មដឹកនាំគ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសកម្ពុជា ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម អនុលោមតាមគោលនយោបាយយុទ្ធសាស្រ្ត ផែនការច្បាប់ និងលិខិតបទដ្ឋានគិតយុត្តផ្សេងទៀតពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល។
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល មាននាយកដ្ឋានក្រោមឱវាទចំនួន៣ រួមមាន៖ នាយកដ្ឋានកិច្ចការទូទៅ, នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល និងនាយកដ្ឋានកម្មវិធីសេដ្ឋកិច្ចឌីជីថល។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកឌីជីថលូបនីយកម្ម ក្នុងវិស័យសាធារណៈ និងឯកជន ជាការងារអាទិភាពដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល ស្របតាមនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់សមិទ្ធកម្ម សង្គម-សេដ្ឋកិច្ច។
សម្តេចតេជោ បានអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រប់ដំណាក់កាល នៃបរិវត្តកម្មឌីជីថល ដូចបានគូសបញ្ជាក់យ៉ាងច្បាស់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥៕
អត្ថបទ៖ អក្ខរា