ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត បានលើកឡើងថា យើងម្នាក់ៗមានដំណើរជីវិតផ្សេងៗគ្នា ប៉ុន្តែយើងសុទ្ធតែជាខ្មែរដែលមានប្រវត្តិសាវតារតែមួយ និងទឹកដីកំណើតតែមួយ ហើយត្រូវបានកំណត់អត្តសញ្ញាណដោយទង់ជាតិមានប្រាសាទអង្គរវត្តជាតំណាង។ យើងត្រូវមើលប្រវត្តិសាស្ត្រអំពីដើមកំណើតរួមរបស់យើង និងដំណើរវិវត្តដល់មកដល់បច្ចុប្បន្ន ក៏ដូចជាឯកភាពរួមគ្នាលើគោលដៅឆ្ពោះទៅអនាគត។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា អតីតកាល អាចផ្តល់មេរៀនឱ្យយើងគេចចេញពីកន្លែងលំបាក ហើយកន្លែងណាល្អៗត្រូវខិតខំកសាង និងពង្រឹងបន្ថែមទៀត ជាពិសេសការថែរក្សាឱ្យបានដាច់ខាត នូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។ ចំពោះអនាគត គឺយើងមានគោលដៅកសាងពង្រឹងសមត្ថភាពកូនខ្មែរឱ្យខ្លាំងតាមរយៈការអភិវឌ្ឍសមត្ថភាពរបស់យុវជន ពីព្រោះយុវជន គឺជាកម្លាំងស្នូល នៅក្នុងគ្រប់កិច្ចការរបស់ប្រទេសជាតិ ដែលអាចធានាអនាគត និងក្តីសង្ឃឹមសម្រាប់ជាតិ និងប្រជាជនតទៅខាងមុខ៕