នៅព្រឹកថ្ងៃទី២៣ ខែមិថុនា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ចំនួន៦ផ្សេងទៀត។ ក្នុងសម័យប្រជុំនេះ រដ្ឋសភាបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ បោះឆ្នោត ដោយសំឡេងគាំទ្រចំនួន១១១សំឡេង។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលផ្តោតសំខាន់លើការ កំណត់លក្ខខណ្ឌរបស់បុគ្គលដែលឈរឈ្មោះឱ្យគេបោះឆ្នោតនេះ ការផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ជាការឆ្លើយតបទៅនឹងក្រុមប្រឆាំង ដែលនាំគ្នាធ្វើចលនាបំផុសមិនឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោតជាដើម។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ នឹងកំណត់ជាពិសេសសម្រាប់បុគ្គលដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវតែបានចូលរួមបោះឆ្នោតក្នុងព្រឹត្តិការណ៍បោះឆ្នោតនានា នៅមុនអាណត្តិដែលខ្លួនឈរឈ្មោះឱ្យគេបោះឆ្នោតនោះ។
ក្រៅតែពីកំណត់នូវលក្ខខណ្ឌសម្រាប់បុគ្គលឈរឈ្មោះឱ្យគេបោះឆ្នោតហើយនោះ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ បោះឆ្នោតនេះ ក៏មានកំណត់ពីការផាកពិន័យ និងដាក់ទោសដល់បុគ្គល ដែលរំខាន និងរារាំងដំណើរការចុះបញ្ជីឈ្មោះបោះឆ្នោត ក៏ ដូចជាការរំខាន រារាំង ឬអុកឡុកការបោះឆ្នោតផងដែរ៕