ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដោយសារភាពជាអ្នកដឹកនាំដ៏វៃឆ្លាតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី

ក្នុងពិធីដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ៣ នៅថ្ងៃទី២២ ខែមិថុនានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្ពុជាស្ថិតនៅលើគន្លងអភិវឌ្ឍន៍ប្រកបដោយ ជវភាព។ ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានបង្កឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ ជាលើកដំបូងក្នុងអត្រា -៣.១% ក្នុងឆ្នាំ២០២០ក៏ដោយ, កម្ពុជានៅតែអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងប្រសើរ និងបានក្លាយជាប្រទេស​ឈានមុខមួយនៅលើសកលលោក ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ជូនប្រជាជន ដែលបង្កើតបាននូវភាពស៊ាំសហគមន៍រឹងមាំ ព្រមទាំងបានអនុញ្ញាតឱ្យកម្ពុជា អាចបើកប្រទេស និងសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញយ៉ាងរហ័ស។

ថ្មីៗនេះ កម្ពុជាក៏ទទួលបានកិត្តិយសដ៏ល្បីរន្ទឺ តាមរយៈការទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ គួរជាទីមោទនៈបំផុត ក្នុងការបំពេញតួនាទីជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង​ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅក្នុងឆ្នាំ២០២២ ព្រមទាំងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលទើបត្រូវបានបិទបញ្ចប់នាពេលថ្មីៗ បន្ទាប់ពីការរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ។

ឯកឧត្តមបន្តថា សមិទ្ធផលទាំងនេះ បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយ​តបទៅនឹងបញ្ហាប្រឈមនានា និងអាចចូលរួមក្នុងកិច្ចការតំបន់ និងសកល បានប្រកបដោយប្រសិទ្ធភាព, ស្មើសិទ្ធិ និងស្មើភាព ដោយសារភាពជាអ្នកដឹកនាំដ៏វៃឆ្លាតរបស់រាជរដ្ឋាភិបាល ក្រោមមគ្គុទ្ទេសក៍ដ៏ភ្លឺស្វាងរបស់សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ក្នុងការដាក់ចេញនូវវិធានការឆ្លើយតបដ៏ត្រឹមត្រូវ ទាន់ពេល និងចំទិសដៅ។

យ៉ាងណាមិញ រាជរដ្ឋាភិបាលយល់ច្បាស់ថា ផ្លូវនៃដំណើរទៅមុខរបស់យើង ពិតជាមិនងាយស្រួលនោះទេ។ ជាក់ស្ដែង ស្លាកស្នាមនៃវិបត្តិជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ទាំងស្រុងនៅឡើយ ស្របពេលដែលបញ្ហាប្រឈមជាសកលផ្សេងទៀតកើតមានជាបន្តបន្ទាប់។

បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ស្ថិតក្នុងបរិការណ៍ដែលពោរពេញដោយភាពមិនប្រាកដប្រជាខ្ពស់នា​បច្ចុប្បន្ន និងទៅអនាគត កម្ពុជាពិតជាមានភាពចាំបាច់ ក្នុងការពង្រឹងភាពប្រកួតប្រជែង និងកសាង ភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិណាមួយ ដែលអាចកើតមានជាយថាហេតុ។ ក្នុងនោះ រាជរដ្ឋាភិបាលបានកំណត់ការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្ម ឌីជីថល ជាអាទិភាពគន្លឹះមួយ ដែលមានសក្តានុ​ពល​ខ្ពស់ ក្នុងការជំរុញឱ្យមានការបង្កើតគំរូ សេដ្ឋកិច្ចថ្មី ការបង្កើនផលិតភាពក្នុងគ្រប់វិស័យ និងការធានាបាននូវកំណើនសេដ្ឋកិច្ចជារួម។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយរយៈពេលវែងចំនួន ២ គឺ ៖ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិ​បាល​ឌីជីថល ២០២២-២០៣៥» ជាមួយនឹងចក្ខុវិស័យកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលវៃឆ្លាត និងរស់រវើក៕

អត្ថបទ៖ អក្ខរា