គ.ជ.ប នៅថ្ងៃទី២២ ខែមិថុនានេះ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធទាក់ទងនឹងការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមឃុំ សង្កាត់ និងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតនៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប)។
ឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាន់តែខិតជិតមកដល់ ហើយអំឡុងពេលនេះ គ.ជ.ប តាមរយៈក្រុមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត កំពុងមមាញឹកក្នុងការផ្តល់បណ្ណព័ត៌មាននេះ ជូនដល់ប្រជាពលរដ្ឋ។ គោលដៅនៃការចែកបណ្ណព័ត៌មាននេះ គឺដើម្បីជម្រាបជូនអ្នកបោះឆ្នោតអំពីកាលបរិច្ឆេទ និងទីតាំងការិយាល័យ ដែលពួកគាត់ត្រូវទៅបោះឆ្នោត ពិសេសឱ្យត្រៀមឯកសារជាមុន ដែលមានដូចជាអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) មានសុពលភាព ឬត្រូវទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ក្នុងករណីពួកគាត់ពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់គាត់ផុតសុពលភាព ឬមិនទាន់បានទទួល ឬបាត់ ឬខូច ឬកែតម្រូវ។
អនុលោមតាមមាត្រា ១៦៩នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែពុំមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដើម្បីបោះឆ្នោត ប្រជាពលរដ្ឋអាចប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត។ អាជ្ញាធរឃុំ សង្កាត់ និងគឃ.សប ត្រូវបានអនុញ្ញាតឱ្យចេញ ឯ.អ តាមការស្នើសុំជូនប្រជាពលរដ្ឋ ស្របតាមសេចក្ដីណែនាំរួមរវាងក្រសួងមហាផ្ទៃ និងគ.ជ.ប។
យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កាលបរិច្ឆេទសម្រាប់ការស្នើសុំនិងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត
តាមឃុំ សង្កាត់ មានរយៈពេល៣០ថ្ងៃ គឺចាប់ធ្វើពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០នាទីល្ងាច។ ដើម្បីស្នើសុំ ឯ.អ អ្នកបោះឆ្នោតត្រូវ៖ ស្នើសុំក្នុងអំឡុងកាលបរិច្ឆេទនេះ, ត្រូវបង្ហាញខ្លួនដោយផ្ទាល់នៅចំពោះមុខ គឃ.សប នៃឃុំ សង្កាត់ដែលសាមីខ្លួនមាន ឈោ្មះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងត្រូវបោះឆ្នោត,
ត្រូវបំពេញពាក្យស្នើសុំ និងត្រូវផ្តិតស្នាមម្រាមដៃនៅចំពោះមុខប្រធាន គឃ.សប, ត្រូវផ្ដល់ស្នាមម្រាមដៃតាមការណែនាំរបស់សមាជិក គឃ.សប ទទួលបន្ទុកលើការងាររដ្ឋបាល និងថតរូបសម្រាប់ការផ្ទៀងផ្ទាត់ និងទាញទិន្នន័យពីបញ្ជីបោះឆ្នោត ផ្លូវការក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត។
បន្ទាប់ពីបានទទួល និងពិនិត្យលើពាក្យស្នើសុំ ប្រធាន គឃ.សប ត្រូវចេញ ឯ.អ ជូនអ្នកបោះឆ្នោត ដោយមិនតម្រូវឱ្យបង់ប្រាក់ឡើយ។ បន្ទាប់មកអ្នកបោះឆ្នោត ត្រូវយក ឯ.អ ដែលចេញដោយប្រធាន គឃ.សប ទៅកាន់សាលាឃុំ សង្កាត់ ដើម្បីឱ្យមេឃុំ ចៅសង្កាត់ ពិនិត្យ និងសម្រេចផ្តល់សុពលភាពសម្រាប់ប្រើប្រាស់ជាផ្លូវការ។ អ្នកបោះឆ្នោតត្រូវរក្សាទុក ឯ.អ នោះ សម្រាប់យកទៅបង្ហាញដល់មន្ត្រីគណៈកម្មការការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោតដើម្បីអាចបោះឆ្នោតបាន។
ជាមួយគ្នានេះ ការបោះពុម្ពផ្សព្វផ្សាយ និងបិទផ្សាយជាសាធារណៈនូវបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោតនៅទីស្នាក់ការ គឃ.សប ក្នុងរយៈពេលយ៉ាងតិច ៣០ថ្ងៃមុនថ្ងៃបោះឆ្នោត។ តាមប្រតិទិន ការបិទផ្សាយនេះ នឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែមិថុនា ដោយ១ច្បាប់ត្រូវបិទផ្សាយនៅទីស្នាក់ការ គឃ.សប រហូតដល់ថ្ងៃបោះឆ្នោត និងមួយច្បាប់ទៀតត្រូវរក្សាទុកជាឯកសារនៅ គឃ.សប៕