ថវិកាចំនួន ៨០០លានរៀល ដែលក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបានពីការប្រារព្វពិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” ត្រូវបានផ្ដល់ជូនរួចរាល់ដល់មន្ទីរពេទ្យធំៗចំនួន២ គឺមន្ទីពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។ កម្មវីធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងមន្ទីពេទ្យទាំងពីរ។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន ដោយគិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ចំនួនប្រមាណ ៦លានគ្រឿង និងរថយន្តចំនួនប្រមាណ ១លានគ្រឿងដែលបានចុះក្នុងបញ្ជីរួចរាល់។ទន្ទឹមគ្នានេះ ឯកឧត្តមថា ចំពោះការលក់ “លេខពិសេសផ្ទាល់ខ្លួន” ដែលជាសេវាសាធារណៈថ្មីមួយ ស្ថិតនៅក្នុងទិសដៅកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖« កាលពីថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានរៀបចំព្រឹត្តិការណ៍អបអរសារទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន ដែលក្នុងកម្មវិធីនោះមានការដាក់តាំងនូវផ្លាកលេខពិសេស ពិសេសផ្ទាល់ខ្លួន ក្នុងគោលបំណងចូលរួមគាំពារសង្គមក្នុងវិស័យសុខាភិបាល ដើម្បីជាប្រយោជន៍ដល់ការព្យាបាល និងលើកកម្ពស់ការថែទាំសុខភាពដល់កុមារនៅកម្ពុជាផងដែរ»។
ឯកឧត្តមបន្តថា ដោយទទួលបានគោលការណ៍ពី សម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យក្រសួង បង្វែរថវិកាចំណូលដែលប្រមូលបានពីការរៀបចំកម្មវិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” ដើម្បីបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផាចំនួន ៤០០លានរៀល និងបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារជាតិចំនួន ៤០០លានរៀល។ លោក រំពឹងថា ចំពោះថវិកាដែលទទួលបាន មន្ទីរពេទ្យនឹងប្រើប្រាស់ដើម្បីពង្រឹង និងលើកកម្ពស់នូវគុណភាពនៃការផ្ដល់សេវាសុខាភិបាល និងការព្យាបាលជំងឺផ្សេងៗឱ្យបានកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ។
សូមជម្រាបជូនថា ជាលើកដំបូងក្នុងឆ្នាំ២០២០ បន្ទាប់បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “លេខពិសេសផ្ទាល់ខ្លួន” ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យដេញថ្លៃលេខពិសេសផ្ទាល់ខ្លួនមួយគឺ “កម្ពុជា SAMNANG9”។ បន្ទាប់មកក្នុងឆ្នាំដដែល ក្រសួងបានបរិច្ចាគថវិកាជូនកម្មវិធីរាត្រីស្រមោលសរមូលនិធិគន្ធបុប្ផាចំនួនប្រមាណ ៨០០ លានរៀល ដែលបានមកពីការលក់លេខចុះបញ្ជីរថយន្ត “លេខ កម្ពុជា 5” និងក្នុងឆ្នាំ២០២១ ក្រសួងបានបរិច្ចាគថវិកាជូនមូលនិធិកាត់បន្ថយភាពក្រីក្រចំនួនប្រមាណ ៨០០លានរៀល មកពីការលក់លេខចុះបញ្ជីរថយន្ត “លេខ កម្ពុជា 2” សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន៕