ក្រសួងអប់រំ យវជននិងកីឡា បានអំពាវនាវដល់បុគ្គលិកអប់រំ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមចូលរួមពង្រឹង និងលើកកម្ពស់ការអប់រំវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា។
ការអំពាវនាវរបស់ក្រសួងអប់រំនេះ ធ្វើឡើងបន្ទាប់ពីពេលកន្លងមកថ្មីៗនេះ មានបាតុភាពអសកម្ម និងអសីលធម៌មួយចំនួន បានកើតឡើងទាំងនៅក្នុង ទាំងនៅក្រៅបរិវេណនៃគ្រឹះស្ថានសិក្សា ដែលបង្កើតឲ្យមានគ្រោះថ្នាក់ផ្សេងៗ។ ក្នុងករណីខ្លះរហូតដល់បាត់បង់អាយុជីវិត របស់យុវជនក្នុងវ័យសិក្សាថែមទៀត។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ អំពាវនាវ និងណែនាំដោយត្រូវផ្សព្វផ្សាយ និងពង្រឹងការអនុវត្តឲ្យបានហ្មត់ចត់បំផុតនូវសេចក្តីណែនាំ ស្តីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។ ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ និងរចនាសម្ព័ន្ធអង្គការយុវជន រួមទាំងកាយរិទ្ធិជាតិកម្ពុជា យុវជនកាកបាទក្រហម ត្រូវចូលរួមអោយបានផុសផុលបំផុត ជាមួយសិស្សានុសិស្ស ក្នុងការកសាងមិត្តភាព សាមគ្គីភាព ការជួយយកអាសារគ្នា គោរពវិន័យនិងក្រមសីលធម៌ គោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល សាលារៀននិងសង្គមជាតិ។
គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវប្រើប្រាស់ពេលវេលាសមស្របសម្រាប់ការកោះប្រជុំសិស្សានុសិស្ស តាមថ្នាក់ តាមក្រុម ឬក្នុងអំឡុងពេលមុនឬក្រោយកម្មវិធីគោរពទង់ជាតិ ដើម្បីធ្វើការពន្យល់ណែនាំ ដាស់តឿន ក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ឱ្យគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា។ ត្រូវជំរុញការសិក្សាស្វែងយល់អំពីអត្ថន័យ និងការច្រៀងបទចម្រៀង “ពង្សាវតារខ្មែរ”។
ចំពោះគ្រូបន្ទុកថ្នាក់និងគ្រូប្រចចាំមុខវិជ្ជា ត្រូវបន្តដាស់តឿន ក្រើនរំលឹកនិងបញ្ជ្រាបការអប់រំចរិយាសម្បទាបន្ថែមលើពុទ្ធិសម្បទា និងបំណិនសម្បទានៅគ្រប់ម៉ោងសិក្សាទាំងអស់ដល់សិស្សានុសិស្សអោយអស់ពីលទ្ធភាព។ ក្រសួងអប់រំក៏បានអំពាវនាវដោយទទូចដល់មាតាបិតា អាណាព្យាបាលនិងអ្នកពាក់ព័ន្ធនានា សូមមេត្តាចូលរួមជាមួយក្រសួងអប់រំ ដើម្បីចំណាយពេលវេលាបន្ថែម ទាំងនៅតាមគេហដ្ឋាន ឬទីកន្លែងផ្សេងទៀត ក្នុងការបន្តអប់រំ ពន្យល់ ណែនាំបុត្រធីតាគ្រប់ៗរូបឲ្យដើរលើគន្លងនៃសីលធម៌ និងចរិយាធម៌៕