មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ២០២៣ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ(PKO) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបចំទទួលការចុះត្រួតពិនិត្យត្រៀមហ្វឹកហ្វឺនសហប្រធានរួមគ្នាកម្ពុជា ចិន និង១៨ប្រទេសផ្សេងទៀត ក្នុងកម្មវិធីលំហាត់សមយុទ្ធរួមគ្នាលើជំនាញបោសសម្អាតមីនមនុស្សធម៌។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោកសម្អាតមីន និងកាកសំណល់សង្គ្រាម កន្លងមករហូតមកទល់នឹងពេលបច្ចុប្បន្ន បានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយកិច្ចសហការល្អ ជាមួយនឹងបណ្ដាប្រទេសជាដៃគូ ក្នុងការពង្រីកលើការងារបណ្ដុះបណ្ដាលជំនាញបោកសម្អាតមីន និងរក្សាសន្តិភាពដល់កងកម្លាំងរបស់កម្ពុជា ដើម្បីមានគ្រប់លទ្ធភាពក្នុងការចូលរួមបម្រឲ្យសកម្មភាពមនុស្សធម៌របស់អង្គការសហប្រជាជាតិ។
រដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក ដែលរហូតមកដល់ឆ្នាំ២០២៣នេះ គឺមានរយៈពេល១៧ឆ្នាំមកហើយ និងបានបញ្ជូនកងកម្លាំងសរុបជាង៨ពាន់នាក់ លើប្រទេសចំនួន៩។ កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD)លេខ៩៨ គឺជាកងថ្មីដែលទើបចាប់ការងារ ក្នុងឆ្នាំ២០២៣នេះ កំពុងឈរជើងនៅទីក្រុងបាំងហ្គី៕
អត្ថបទ៖ អក្ខរា