សមាជិកសភាថ្មីទាំងអស់ ទទួលបានការគាំទ្រដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ

សមាជិកសភាថ្មី ដែលទើបជាប់ឆ្នោតទាំង ៥០០រូប ត្រូវបានសម្រេចអនុម័ត ដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ កាលពីថ្ងៃចន្ទ ទី ១៩ ខែមិថុនា បន្ទាប់ពីមានការបោះឆ្នោតទូទៅ នៅក្នុងប្រទេស កាលពីខែមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

គួរឱ្យដឹងថាសមាជិកសភាថ្មីចំនួន ៥០០រូបនោះ រួមមាន ៤០០ នាក់ មកពីការបោះឆ្នោតតាមមណ្ឌល និង ១០០ រូបផ្សេងទៀត មកពីបញ្ចីគណបក្សជាតិ ដោយបេក្ខជនភាគច្រើន ត្រូវបានជ្រើសរើសចេញពីបញ្ជី ដែលរៀបចំដោយគណបក្សរបស់ពួកគេរៀងៗខ្លួន និងផ្អែកទៅលើសម្លេងឆ្នោតសរុប ដែលគណបក្សទទួលបាន ។

យោងតាម លោក Sawaeng Boonmee អគ្គលេខាធិការគណ:កម្មាធិការរៀបចំការបោះឆ្នោត បានបង្ហាញថា ការអនុម័តនេះ ត្រូវបានធ្វើឡើង មុនពេលស្ថាប័នរៀបចំការបោះឆ្នោត បញ្ចប់ការស៊ើបអង្កេតទៅលើបណ្តឹងពាក់ព័ន្ធ ព្រោះចង់ផ្តល់ឱកាសឱ្យភាគីទាំងអស់ មានសិទ្ធិការពារខ្លួន ។

មិនតែប៉ុណ្ណោះ លោក Sawaeng បានពន្យល់ឱ្យដឹងទៀតថា គណ:កម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ នៅតែមានសិទ្ធិអំណាច ក្នុងការបន្តការស៊ើបអង្កេតរបសខ្លួន បន្ទាប់ពីមានការអនុម័តនេះ។ ហើយប្រសិនបើមាន​ភស្តុតាង​ណាមួយត្រូវបានលាតត្រដាងអំពីការក្លែងបន្លំសន្លឹកឆ្នោត ពាក់ព័ន្ធជាមួយនឹងសមាជិកសភាថ្មីនោះ គណ:កម្មាធិការ អាចមានសិទ្ធិស្នើសុំឱ្យតុលាការកំពូល ដកសិទ្ធិបោះឆ្នោតរបស់ពួកគេវិញ។

គួររំលឹកថា ប្រទេសថៃ បានរៀបចំការបោះឆ្នោតទូទៅរបស់ខ្លួន កាលពីថ្ងៃទី ១៤ ខែឧសភា ដោយគណបក្ស Move Forward ទទួលបានសម្លេងឆ្នោតនាំមុខគេ។ ហើយដោយស្ថិតនៅក្រោមការដឹកនាំរបស់លោក Pita Limjaroenrat គណបក្សថ្មីនេះ ទទួលបានរហូតដល់ទៅ ១៥១ អាសន:នៅក្នុងសភា និងថែមទាំងបានបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយគណបក្សនយោបាយចំនួន ៧ ផ្សេងទៀត ដូចជា Pheu Thai, Prachachat, Thai Liberal Party, Thai Sang Thai, Fair, Plung Sungkom Mai និង Pue Thai Rumphlang ។

ជម្រាបជូនផងដែរថា ក្រោយការរួមបញ្ចូលគ្នានេះ រដ្ឋាភិបាលចម្រុះថ្មីនោះ មានសមាជិកសរុប ៣១២ អាសន: នៅក្នុងសភាតំណាងរាស្រ្ត ដែលមានសមាជិក ៥០០ រូប។ ហើយដើម្បីអាចឱ្យលោក Pita ក្លាយជានាយករដ្ឋមន្ត្រីថ្មីបាន លុះត្រាតែលោកត្រូវទទួលបានការយល់ព្រមពីសមាជិកច្រើនជាងពាក់កណ្តាលនណៃរដ្ឋសភា ដែលមានអសន:ចំនួន ៧៥០ ឬ យ៉ាងហោចណាស់ ៣៧៦ សំឡេង នៅក្នុងសភាតំណាង ឬ ព្រឹទ្ធសភា ៕