ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ បេសកកម្មរបស់យុវជនបក្ស និងគណបក្ស គឺរួមគ្នាយកបេះដូងប្រជាពលរដ្ឋឱ្យបានច្រើន ក្នុងសមរភូមិប្រជាធិបតេយ្យ

គោលដៅនៃបេសកកម្មរបស់យុវជនបក្ស និងគណបក្ស គឺរួមគ្នាយកបេះដូងប្រជាពលរដ្ឋឱ្យបានច្រើនលើសលប់នៅក្នុងសមរភូមិប្រជាធិបតេយ្យ ដើម្បីឱ្យបក្សមានឱកាសបន្តបម្រើប្រជាពលរដ្ឋ ដោយប្រើប្រាស់វិធីសាស្ត្រចំនួន ៤ ជាអាទិ៍៖ ទី១. រៀបចំកម្លាំងតាម រយៈការពង្រឹងរចនាម្ព័ន្ធ-អង្គការចាត់តាំង និងបែងចែកភារកិច្ចឱ្យបានច្បាស់លាស់, ទី២. ហ្វឹកហ្វឺនបំប៉នស្មារតីជាប្រចាំ តាមរយៈការ អប់រំបណ្តុះបណ្តាល និងថែទាំសតិអារម្មណ៍, ទី៣. បំពាក់មធ្យោបាយ-សម្ភារ តាមរយៈការចែករំលែកជួយគ្នាតាមគ្រប់លទ្ធភាពពីលើដល់ក្រោម និង ទី៤. រៀបចំផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធានាបានប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមជាមួយនឹងការវិភាគក្តាប់សភាពការណ៍ឱ្យបានសុក្រឹត និងទាន់ពេលវេលា។

នេះជាប្រសាសន៍ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាក្យស្រឡាញ់សន្តិភាព អាចត្រូវបានឮជាញឹកញាប់ រហូតដល់អ្នកខ្លះអាចមើល ស្រាលចំពោះតម្លៃនៃសន្តិភាព។ យ៉ាងណាក៏ដោយ សូមចងចាំថា សន្តិភាព ដែលយើងទាំងអស់គ្នាកំពុងទទួលបានដូចបច្ចុប្បន្ននេះ គឺបានកើតឡើងដោយលំបាកបំផុត ប៉ុន្តែអាចនឹងបាត់បង់ទៅវិញយ៉ាងផុយស្រួយគ្រប់ពេលវេលា តួយ៉ាងដូចជា ព្រឹតិ្តការណ៍ ១៨ មីនា ១៩៧០ ដែលបានអូសទម្លាក់កម្ពុជាទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល ហើយដែលបានបន្តអូសបន្លាយរាប់ទសវត្សរ៍នៅលើមាតុភូមិដ៏កំសត់មួយនេះ៕