សម្តេចតេជោ ហ៊ុន សែន៖ ការលះបង់របស់ខ្ញុំ ជាផលប្រយោជន៍សម្រាប់មនុស្សទាំងអស់

“ខ្ញុំមិនគិតថា ការលះបង់របស់ខ្ញុំ វាគ្រាន់តែផលប្រយោជន៍របស់ខ្ញុំទេ តែវាជាផលប្រយោជន៍សម្រាប់មនុស្សទាំងអស់ ហើយខ្ញុំមិនច្រណែនអ្នកណាទេ អ្វីដែលខ្ញុំគួរសុំ ខ្ញុំអត់សុំអ្វីក្រៅតែពីទទួលយកនូវការពិតមួយតែប៉ុណ្ណឹងទេ”។ នេះជាប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលប្រារព្ធឡើងនៅក្រសួងការពារជាតិ។

គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។

ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឲ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន៕

អត្ថបទ៖ អក្ខរា