“ខ្ញុំទទួលស្គាល់ថាខ្លួនឯងជាមនុស្សឆេរឆាវ ក៏ប៉ុន្តែការសម្រេចចិត្តខាងនយោបាយ គឺខ្ញុំជាមនុស្សចិត្តធ្ងន់បំផុតហើយ។ សុំអ្នកទាំងអស់គ្នាមើល តើខ្ញុំមានដែលសម្រេចចិត្តខាងនយោបាយពាក់ព័ន្ធនឹងដំណើរផលប្រយោជន៍ជាតិ តាមរបៀបឆេរឆាវទេ? អត់ទេ ខ្ញុំទទួលស្គាល់ថាខ្ញុំជាមនុស្សឆេរឆាវ ប៉ុន្តែការសម្រេចចិត្តខាងនយោបាយដែលទាក់ទងនឹងជីវិតជាតិ គឺអត់ទេ អ្នកដទៃមិនអាចចិត្តធ្ងន់ដូចហ៊ុន សែន បានទេ។ ដូច្នេះបានជាខ្ញុំអាចឈរជើងក្នុងហ្វូងអ្នកនយោបាយតាំងពីខ្ញុំអាយុ ២៦ឆ្នាំ តាំងពីកាន់តំណែងជារដ្ឋមន្ត្រីការបរទេសត្រឹមតែអាយុ ២៧ឆ្នាំទេ ដែលថ្នាក់ដឹកនាំដទៃទៀតមានអាយុដល់ទៅ ៤០ ៥០ ៦០”។ នេះជាការលើកឡើងរបស់សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលប្រារព្ធឡើងនៅក្រសួងការពារជាតិ៕
អត្ថបទ៖ អក្ខរា