សម្តេចតេជោ ហ៊ុន សែន៖ ឥលូវក្រុមប្រឆាំងកំពុងជ្រួលច្របល់ថានឹងធ្វើអ្វីទៀត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា យើងបានធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ហើយវិសោធកម្មនេះមានវិសាលភាពមិនត្រឹមតែកែទម្រង់នៃអ្នកឲ្យគេឈរឈ្មោះឲ្យគេបោះឆ្នោតទេ ក៏ប៉ុន្តែយើងត្រូវតែមានវិធានការមួយចំនួនដើម្បីការពារសម្រាប់ដំណើរការបោះឆ្នោតទាំងមូល តាំងពីការចុះឈ្មោះ រហូតដល់កិច្ចការងារផ្សេងៗទាក់ទងនឹងការបោះឆ្នោត កុំឲ្យជនណាបំផ្លាញនូវលិទ្ធិប្រជាធិបតេយ្យក្នុងប្រទេសយើងបាន។ សម្តេចបានថ្លែងបែបនេះក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារចុះមូលដ្ឋានរដ្ឋាភិបាលអាណត្តិទី៦ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោមានប្រសាសន៍ថា៖ “ពួកគេបានខិតខំធ្វើ ហើយឥលូវបន្ទាប់ពីប្រតិកម្ម យើងបានធ្វើសកម្មភាពមែន ឥលូវពួកគេកំពុងតែជ្រួលច្របល់ថានឹងធ្វើអ្វីទៀត យើងត្រូវតែធ្វើសកម្មភាពដែលមិនអាចអត់ឱនអោយដែលចំពោះអ្នកណាក៏ដោយ ដែលមានចេតនាបំផ្លាញការអនុវត្តលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅថ្ងៃស្អែកសម្តេចក្រឡាហោម ស ខេង រដ្ឋក្រសួងមន្ត្រីមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីយុត្តិធម៌ នឹងឡើងថ្លែងការពារវិសោធនកម្មច្បាប់បោះឆ្នោតនេះជាមួយគណៈកម្មការសភា។ សម្តេចថ្លែងបន្តថា “ឥឡូវយើងកំពុងចង់ដឹងថាអាជើងខ្លាំងវានៅឯណា ដែលចេញមកដើម្បីម្ខាងពហិការមិនចូលរួមបោះឆ្នោត”៕

អត្ថបទ៖ អក្ខរា