សម្តេចក្រឡាហោម ស ខេង៖ ពលិកម្មរបស់និវត្តជន និងអតីតយុទ្ធជន បានធ្វើឲ្យអ្នកជំនាន់ក្រោយចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន អតីតយុទ្ធជន ថ្នាក់ដឹកនាំសង្កាត់ និងភូមិ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សម្តេចក្រឡាហោមបានគូសបញ្ជាក់អំពីគុណបំណាច់នៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនក្នុងស្រុកឯភ្នំ ដែលតស៊ូធ្វើពលិកម្មក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថេរភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់។

សម្ដេចក៏បានទាញចំណាប់អង្គពិធីថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងស្រុកឯភ្នំ ខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្ដេចក៏បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា និងបានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខនេះ ដែលត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ៕