ក្រុម​ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះព្យាបាល​ពលរដ្ឋជិត​២​ពាន់​នា​ក់ ដោយ​ឥតគិតថ្លៃ ក្នុងសហគមន៍ក្រីក្រនៅ​ភ្នំពេញ

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យនិងព្យាបាលជម្ងឺជូន​ប្រជា​ពល​រដ្ឋក្នុង​សហគមន៍ក្រីក្រសរុបចំនួន ១,៩០០នាក់ ស្មើនឹង ៣,៥៤៧ករណីនៅនឹងកន្លែង រួមមានជម្ងឺទូទៅ   មាត់ធ្មេញ អេកូបេះដូង វះកាត់តូច ឫសដូងបាត សន្លាក់ សើរស្បែក ត្រចៀក ច្រមុះ បំពងក ពិនិត្យឈាម ថតកាំរស្មី រោគស្រ្តី ភ្នែក ផ្នែកពិសោធន៍ស្ថិតនៅក្នុងបរិវណសាលាវិទ្យាល័យ បឹងត្របែក សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោម​អធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម សហការជាមួយ​អាជ្ញាធរដែនដី និងផ្នែកពាក់ព័ន្ឋជាច្រើនទៀត។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែ​គិតគូរ​សុខទុក្ខ ចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋ ដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅតាមមន្ទីរ​ពេទ្យដៃគូរ​សហការក្នុងរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាម​រយៈក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ 

លោកជំទាវ បន្តថាគោលបំណងសំខាន់របស់សមាគម ទី១គឺការរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួង​សុខា​ភិបាល ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការន​យោ​បាយឡើយ ២ចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្ដល់សេវាសុខភាព​ជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា ៣ចូលរួមចំណែកបណ្ដុះបណ្តាលធនធាន​មនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ជូនប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដ៍ទៃទៀត អោយបានចូលរួមចំណែក​បំរើការងារមនុស្សធម៌ក្នុងសង្គម។

លោកជំទាវ បញ្ជាក់ថា អ្វីដែលពិសេសនោះបេសកកម្មនាថ្ងៃនេះ TYDA បានដឹកនាំក្រុមគ្រូពេទ្យជាង២០០នាក់ ក្នុងនោះមាន​ក្រុម​គ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី ជំនាញចាប់សសៃ មកព្យាបាលជូនប្រជាពលរដ្ឋនៅទីនេះ។ លោកជំទាវក៏បានថ្លែង​អំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ ដៃគូរសហការទាំងអស់ផងដែរ ។

លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានដឹកនាំក្រុមគ្រូពេទ្យ ចុះមកពិនិត្យព្យាបាល​ជូនប្រជាពល​រដ្ឋនៅទីនេះដោយឥតគិតថ្លៃ ដែលសកម្មភាពទាំងនេះ គឺបានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពល​រដ្ឋបានមួយក​ម្រិត​ថែមទៀត។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយគិតថ្លៃនាឱកាស​នេះសរុប​ចំនួន១,៩០០ នាក់ ស្មើនឹង ៣,៥៤៧ករណី។ ករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួន៣៥ករណី ក្រោម​ការចំណាយ និងឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

នៅក្នុងកម្មវិធីនេះ លោកជំទាវក៏ បានការចែកជូនសម្ភារៈសិក្សាដល់សិស្សានុសិស្ស និងថវិកាប្រកប​ដោយភាព​សប្បាយ​រីករាយផងដែរ ។