ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាល្ងាចថ្ងៃសៅរ៍ទី១៧ ខែមិថុនានេះ បានអនុញ្ញាតលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងសហការី ចូលជួបសំដែងការគួរសម នៅគេហដ្ឋានផ្ទាល់របស់សម្តេចតេជោ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមបណ្តាញទំនាក់ទំនងសង្គមឡេក្រាមនៅយប់ថ្ងៃសៅរ៍នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ជំនួបរវាងសម្តេចតេជោ និងថ្នាក់ដឹកនាំសមាគម CCFC គឺដើម្បីស្តាប់នូវរឿងរ៉ាវដែលកើតមានកន្លងមកនិងសកម្មភាពរបស់សមាគម។
សម្តេចតេជោ ថ្លែងបញ្ជាក់បន្ថែមថា យើងពិនិត្យឃើញនូវផលប្រយោជន៍ដែលសមាគមបានធ្វើដូចនេះខ្ញុំបានលើកទឹកចិត្តឲ្យសមាគមបន្តសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជនយើងនិងបន្ថែមឲ្យសមាគមយកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ។
ទន្ទឹមនឹងនោះ សម្ដេចតេជោ ក៏បានណែនាំឯកឧត្តម កើត រីទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការខេត្តរតនគីរីដើម្បីលើកលែងការចោទប្រកាន់និងផ្តល់សិទ្ធិឲ្យសមាគមនេះបានធ្វើសកម្មភាពឡើងវិញឲ្យបានឆាប់ខាងមុខ។
សូមជម្រាបថា តុលាការខេត្តរតនៈគិរី នាពេលថ្មីៗនេះសម្រេចចោទប្រកាន់លោក ថេង សាវឿន និងសហការី២រូបផ្សេងទៀតពីបទញុះញង់ និងរួមគំនិតក្បត់ ក្រោយតំណាងអយ្យការ និងចៅក្រមស៊ើបបានបញ្ចប់នីតិវិធីសាកសួរ។ ក្រោយការចោទប្រកាន់រួច លោក ថេង សាវឿន និងមន្ត្រីរបស់លោក២រូបត្រូវបានតុលាការបញ្ចូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តរតនគិរី។ នៅពន្ធនាគារបានប៉ុន្មានថ្ងៃលោក សាវឿន និងសហការីត្រូវបានដោះលែងដាក់ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន៕