គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងប្រព័ន្ធលូក្នុងក្រុងកំពង់ចាម តម្លៃ ២២លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ដែលមានតម្លៃប្រមាណ ២២លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ហើយ។

ពិធីបើកការដ្ឋាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

សូមជម្រាបថា ហេដ្ឋារចនាសម្ព័ន្ធនៃអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលបើកការដ្ឋាននាឱកាសនេះរួមមាន៖ ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ និងអគារការិយាល័យផ្សេងៗចំនួន ៣ ៩៦៥កន្លែង ប្រព័ន្ធបណ្តាញទុយោប្រមូលមេ និងរងប្រវែង ៥១គីឡូម៉ែត ស្ថានីយបូមមេ និងរងចំនួន ៣កន្លែង ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន១កន្លែងមានសមត្ថភាពផ្ទុកទឹកកខ្វក់ចំនួន ៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងប្រព័ន្ធលូរំដោះទឹកភ្លៀង រួមមាន៖ លូបង្ហូររៀបថ្មរាងអក្សរ V ប្រវែង ២ ៩២៩ម៉ែត្រ លូបេតុងប្រអប់ប្រវែង ៩០៣ម៉ែត្រ លូបេតុងបូលប្រវែង ២៤៤ម៉ែត្រ លូបេតុងរាងអក្សរ U ប្រវែង ៨៩,៩ម៉ែត្រ កន្លែងបង្ហូរចេញចំនួន ១កន្លែង និងស្ថានីយបូមចំនួន១កន្លែង។

គម្រោងនេះ ទទួលបានកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួងសាធារណការ និងដឹកជញ្ជូនដែលជាអង្គភាពគ្រប់គ្រងគម្រោង បានចាប់ផ្តើមអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះឡើងមានទីតាំងស្ថិតក្នុងក្រុងកំពង់ចាម ដោយមានការសហការត្រួតពិនិត្យបច្ចេកទេសពីក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុនSCE និងក្រុមហ៊ុនTancons (Cambodia) Co., Ltd. និងម៉ៅការសាងសង់ដោយក្រុម Beijing Urban Construction Group Co., Ltd (BUCG) ក្នុងគម្រោងថវិកាសាងសង់ប្រមាណ ២២លានដុល្លារអាមេរិក ដែលចាប់ផ្តើមការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២២ និងគ្រោងនឹងបញ្ចប់ការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២៥៕

default