សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យស្តាប់តាមការញុះញង់របស់អ្នកនៅខាងក្រៅប្រទេស ពិសេសគឺ ជនក្បត់ជាតិ ៣ជំនាន់ ដែលចង់រារាំងនិងបំផ្លាញការបោះឆ្នោត។ សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងស្រុក សុំប្រយ័ត្នដើម្បីកុំឱ្យចាញ់បោក ការញុះញង់របស់ ជនក្បត់ជាតិ៣ជំនាន់ ដែលអាចនាំឱ្យខ្លួនឯងជាប់គុក។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រោយការបោះឆ្នោត សម្ដេចនឹងបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី នៅតាមបណ្ដារោចក្រជាបន្តទៀត ខណៈក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតសម្ដេចនឹងផ្អាកសកម្មភាពនានាមួយរយៈសិន កុំឲ្យគេរិះគន់ និងផាកពិន័យ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកម្មករ កម្មការិនី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣៕