សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ។ នេះជាប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែង នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកម្មករ កម្មការិនី នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាលមានគោលដៅជាក់លាក់ឆ្ពោះទៅមុខជានិច្ច ទោះបីជាជំហានគីង្គក់តែទៅមុខជានិច្ច ពោលគឺសន្សឹមៗទៅមុខជាលំដាប់។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មិនដូចជំហានយក្សរបស់ប៉ុល ពត នោះទេគឺមិនអាចទៅរួចទេ។ គណបក្សប្រជាជនកម្ពុជា ធ្វើការងារសន្សឹមៗទៅតាមលទ្ធភាពដែលធ្វើទៅរួច ប៉ុន្ដែបើងាកទៅក្រោយវិញ កម្ពុជាយើងមានការផ្លាស់ប្ដូររីកចម្រើនច្រើនណាស់។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាការសម្រេចចិត្តក្នុងការធ្វើពិសោធនកម្មច្បាប់បោះឆ្នោត គឺឆ្លើយតបទៅនឹងក្រុមប្រឆាំង ដែលចង់ធ្វើវិធង្សនានៅពេលបោះឆ្នោតខាងមុខ៕