សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាចំហឲ្យងកម្លាំងតាមព្រំដែនវៀតណាម បង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ក្រុមជនជាតិម៉ុងតាញ៉ាឆ្លងដែនចូលមកទឹកដីកម្ពុជា។ សម្តេចបញ្ជាក់ថា តាមព័ត៌មានក្រុមឧទ្ទាមជនជាតិម៉ុតតាញ៉ានេះបានបើកការវាយប្រដាប់អាវុធ សម្លាប់មន្ត្រីរបស់វៀតណាម នាពេលថ្មីៗនេះ ហើយឥលូវនេះកំពុងបាក់ទ័ព ដែលអាចឆ្លងដែនចូលទឹកដីកម្ពុជា។
សម្តេចតេជោបានឲ្យដឹងបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកម្មករកម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ។
សម្តេចតេជោ ក៏បានដាក់ការសង្ស័យថា ក្រុមឧទ្ទាមនេះអាចមានមេ និងខ្សែបណ្តាញក្នុងប្រទេសកម្ពុជា ហើយពួកគេអាចបន្លំខ្លួនក្នុងចំណោមប្រជាជនចូលមកសំងំលាក់ខ្លួនតាមភូមិ ឬមកកាន់ទីក្រុងភ្នំពេញ។ សម្តេចក៏បានព្រមានដល់អង្គការអន្តរជាតិនៅកម្ពុជា ត្រូវគេចចេញពីអំពើឧក្រិដ្ឋកម្មរបស់ក្រុមនេះ ដោយហាមទទួលយកជាជនភៀសខ្លួន ដែលអាចឈានទៅបិទការិយាល័យ បើហ៊ានបំពានចំពោះរឿងនេះ៕
អត្ថបទ៖ អក្ខរា