ថ្លែងក្នុង ពេលដែល ម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍ថា សេចក្តីព្រាងនៃវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានបញ្ជូនទៅដល់រដ្ឋសភា តាំងតែពីល្ងាចម្សិលម៉ិញ។
ការឈានដល់ដំណាក់កាលនេះដោយសារតែក្រុមប្រឆាំងបានជំរុញ។ ព្រោះគេចេះតែមានឧបាយកលទុច្ចរិតក្នុងការបំផ្លាញការបោះឆ្នោត ក៏ដូចជាការរាប់សន្លឹកឆ្នោតដូច្នេះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះគឺចង់បានការបោះឆ្នោតមួយមិនមានការរំខានពីគ្រប់ឧបាយកលទាំងអស់(គឺពីអ្នកណាក៏ដោយ)។ ហើយនេះក៏ជាវិធីសាស្ត្រ នៃការទប់ស្កាត់ដល់ក្រុមបំផ្លាញ នៃដំណើរការបោះឆ្នោត ប្រជាធិបតេយ្យនៅកម្ពុជា។ ដោយត្រូវចងដោយច្បាប់ក្នុងការដាក់ទោសទណ្ឌនិងការផាកពិន័យ។
សម្ដេចមានប្រសាសន៍ថាការធ្វើវិសោធន៍កម្មច្បាប់បោះឆ្នោះនេះគឺដើម្បីពង្រឹងការទទួលខុសត្រូវសម្រាប់ថ្នាក់ដឹកនាំនយោបាយដើម្បីបំពេញកាតព្វកិច្ចក្នុងការចូលរួមបោះឆ្នោត ក្នុងនាមជាប្រជាពលរដ្ឋល្អរបស់សង្គមជាពិសេសបើចង់ឈរឈ្មោះឲ្យគេបោះឆ្នោត។
ក្នុងករណី បើមិនទៅចូលរួមបោះឆ្នោត នឹងត្រូវដកសិទ្ធិមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោតនោះឡើយ ទាំងបោះឆ្នោតជ្រើសរើស សមាជិករដ្ឋសភាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បោះឆ្នោតក្រុមប្រឹក្សាស្រុកខណ្ឌក្រុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តនិងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា៕