ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងសម្ព័ន្ធក្រុមហ៊ុន NAPS Inc. (WINS, ReNet) និងសមាជិកសមាជិកនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាច្រើនរូបផងដែរ។
កម្មវិធីនាឱកាសនេះមានការប្រគល់-ទទួលមួកសុវត្ថិភាព ចំនួន១៩៤មួក និងសម្ភារសុវត្ថិភាពសម្រាប់ទោចក្រយានយន្ត ដែលអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រុមហ៊ុន NAPS Inc. របស់ប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការដែលក្រុមហ៊ុនមួយចំនួនរបស់ជប៉ុននឹងផ្តល់នូវសម្ភារបរិក្ខារសម្រាប់អ្នកប្រើប្រាស់ម៉ូតូ ដើម្បីចូលរួមចំណែកលើកកម្ពស់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ជាមួយគ្នានោះ សម្ព័ន្ធក្រុមហ៊ុន NAPS Inc. (WINS, ReNet) នឹងផ្ដល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន នូវមួកសុវត្ថិភាពសរុបចំនួន ៣ ០០០មួក និងសម្ភារៈសុវត្ថិភាពសរុបចំនួន ១៥ ០០០ឈុត (អាវការពារ ខោ ស្រោមដៃ និងទឹកសម្អាតមួកសុវត្ថិភាព) ក្នុងរយៈពេល៣ឆ្នាំ ចាប់ពី២០២៣ នេះតទៅ ដែលមានចំនួន ៦ដំណាក់កាល។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រឹមឆ្នាំ២០៣០ កម្ពុជានឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានចំនួន ៥០% អាស្រ័យហេតុនេះ ការបន្តយុទ្ធនាការផ្សព្វផ្សាយ និងចែកជូនប្រជាពលរដ្ឋនូវមួកសុវត្ថិភាពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាប និងលើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយ៕