សេដ្ឋកិច្ចកម្ពុជា បានកើនឡើងប្រចាំឆ្នាំជាមធ្យមក្នុងអត្រា ៧% ជាង២ទសវត្សរ៍ ហើយស្ថានភាព ទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃ កម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។ បន្ថែមលើការរីកចម្រើន សេដ្ឋកិច្ចក្នុងប្រព័ន្ធ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ជាកម្លាំងចលករដ៏សំខាន់មួយដែលបានដើរតួនាទីស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងមាន
ភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ពីកត្តាខាងក្រៅមកលើសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។ នេះបើតាមការលើកឡើងក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ដែលប្រព្រឹត្តទៅនៅថៃ្ងទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ និងការងារសមរម្យ”។ ទិវា ជាតិនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ន ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំរៀបចំទិវាជាតិនេះឡើង ព្រមទាំងសូមកោតសរសើរដល់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់ប្រភេទ និងដៃគូអភិវឌ្ឍ ជាពិសេសវិស័យឯកជន ដែលបានផ្តល់កិច្ចសហការគាំទ្រ និងចូលរួមក្នុង ទិវាជាតិនេះទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត៕