ក្រសួងទេសចរណ៍ និងសមាគមអភិរក្សដំរីអៃរាវត្តា ចេញសេចក្ដីជូនដំណឹង ស្ដីពីយុទ្ធនាការ “ដំរីមួយជួយថវិកាពីរពាន់រៀល” គឺជាយុទ្ធនាការមួយដែលត្រូវបានផ្តួចផ្តើមរៀបចំឡើងក្នុងគោលបំណងកៀងគរការបរិច្ចាគទោះតិចក្ដី ច្រើនក្ដី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តាដែលកំពុងជួបការខ្វះខាតថវិកាសម្រាប់ទិញចំណីដំរី និងព្យាបាលដំរី។
ក្រសួងបញ្ជាក់ថា ការចូលរួមមូលនិធិឧបត្ថម្ភពីសប្បុរសជនទាំងអស់គ្នា គឺជាការចូលរួមចំណែកការពារ អភិរក្សសត្វដំរី និងការបង្កាត់ពូជដំរីបន្ថែមទៀត ដើម្បីបង្កើនបរិមាណសត្វដ៏កម្រនៅកម្ពុជា ជាពិសេសគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់សម្រាប់ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាព៕