សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យលោក សាន សុជា បន្តជួយអប់រំសង្គម អប់រំផ្លូវចិត្ត សម្រាប់រក្សាសន្តិភាព និងស្ថិរភាពនយោបាយ

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងពីការទទួលជួបអតីតសង្ឃ សាន សុជា នៅភូមិគ្រឹះសម្តេចតេជោទីក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្តេចតេជោ បញ្ជាក់ថា ជំនួបជាមួយលោកក្មួយ សាន សុជា កាលពីម្សិលមិញ គឺដើម្បីផ្តល់ការគាំទ្រ និងលើកទឹកចិត្តឲ្យបន្តការផ្សព្វផ្សាយព្រះធម៌ អប់រំសង្គម អប់រំផ្លូវចិត្ត សម្រាប់រក្សាសន្តិភាព និងស្ថិរភាពនយោបាយ។

សម្តេចតេជោ មានប្រសាសន៍ថា៖ «យើងត្រូវការដើម្បីឲ្យព្រះសង្ឃដែលលាចាកសិក្ខាបទ ដែលចេះធម៌អាត្រឹមត្រូវ គឺបន្តជួយទៅដល់ការអប់រំសង្គម អប់រំផ្លូវចិត្ត ដើម្បីធ្វើយ៉ាងម៉េចគឺប្រើប្រាស់ធម៌អាខ្លះសម្រាប់រក្សាសន្តិភាព រក្សាស្ថិរភាពនយោបាយ និងជាពិសេសការកសាងអំពើល្អក្នុងចំណោមប្រជាជនរបស់យើង»៕

អត្ថបទ៖ អក្ខរា