ជារឿងដ៏ភ្ញាក់ផ្អើលមួយបន្ទាប់ព័ត៌មានជាច្រើនផ្សាយពីដំណឹងជំនួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាមួយអតីតសង្ឃ លោក សាន សុជា នាព្រឹកថ្ងៃអង្គារ៍ទី១៣ ខែមិថុនានេះ ស្ថិតនៅភូមិគ្រឹះផ្ទាល់របស់សម្តេចតេជោ ទីក្រុងតាខ្មៅ ខេត្តកណ្តាល។ ការចាត់ទុកថា ភ្ញាក់ផ្អើលក៏ព្រោះថា ក្រោយលាចាកសិក្ខា ឬហៅសាមញ្ញថា សិក្ខពីភេទជាភិក្ខុសង្ឃមកជាគ្រហស្ថវិញរបស់លោក សាន សុជា តែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅឯប្រទេសអូស្ត្រាលី ហើយលោកបានមកកាន់ស្រុកខ្មែរភ្លាមបានជួបជាមួយប្រមុខរាជរដ្ឋាភិបាល។
ការចូលជួបសំដែងការគួរសមសម្តេចតេជោ ហ៊ុន សែន នៅពេលនេះរបស់លោក សាន សុជា ត្រូវបានមជ្ឍដ្ឋានមួយចំនួនដាក់ក្តីរំពឹងថា លោក សាន សុជា អាចនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ហើយនឹងទទួលបានដំណែងខ្ពស់ទៀតផង។ ទន្ទឹមនឹងនោះក៏មានមតិមួយចំនួនទៀតលើកឡើងដែរថា ការកើតឡើងជំនួបរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាមួយអតីតអ្នកបួសដ៏ល្បីឈ្មោះរូបនេះ ហាក់បន្សល់ទុករឿងរ៉ាវពីក្រោយខ្នងជាច្រើន ស្របពេលការសិក្ខរបស់លោក សាន សុជា ត្រូវបានសាមុីខ្លួនធ្លាប់បានបញ្ជាក់រឿយៗថា លោកសិក្ខដើម្បីទទួលបានបទពិសោធន៍ថ្មីប៉ុណ្ណោះ ហើយរៀនរស់ជាខ្លួនឯង។
យ៉ាងណា បើទោះបីមានការជជែកវែកញែកក្នុងហេតុផលផ្សេងៗគ្នាក៏ដោយចុះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ដែលរួមដំណើរជាមួយលោក សាន សុជា ចូលសំដែងគួរសមនៅភូមិគ្រឹះផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ Fresh News ថា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះការផ្សព្វផ្សាយព្រះធម៌អប់រំចិត្តរបស់លោក សាន សុជា។ សម្តេចតេជោ ក៏បានលើកទឹកចិត្តលោក សាន សុជា បន្តការផ្សព្វផ្សាយព្រះអប់រំ ចិត្តនេះបន្តទៅទៀត។
បើតាមនាយឧត្តមសេនីយ៍ ខេង សុមេធ នៅក្នុងជំនួបនេះ មិនមានការជជែកអ្វីច្រើនពីការសួរសុខទុក្ខ និងការជជែកពីរឿងផ្សព្វផ្សាយព្រះធម៌នោះឡើយ។ បន្ថែមទៀតនោះលោកបានអះអាងថា ក្នុងជំនួបនោះ មិនមានការជជែកដល់ការផ្តល់តួនាទី ឬឋានៈអ្វីមួយដល់គ្រូលោក សាន សុជា ក្នុងជួររាជរដ្ឋាភិបាលនោះឡើយ។
សូមជម្រាបជូនថា លោក សាន សុជា បានបួសរៀនព្រះធម៌ក្រោមម្លប់ព្រះពុទ្ធសាសនា អស់រយៈពេលជាង ៣០ព្រះវស្សា។ តាមរយៈការសម្តែងពន្យល់ធម៌អាថ៍ លោកទទួលបានប្រជាប្រិយភាពខ្ពស់ពីប្រជាពុទ្ធបរិស័ទ។