សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមិថុនានេះ សម្រេចស្នើលើកលែងទោសដល់លោក ស ឡុងដេត បន្ទាប់ពីសាមុីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈ។
តាមរយៈសំណេរក្នុងឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន ភ្ជាប់ជាមួយវីដេអូសំទោសរបស់លោក ស ឡុងដេត សម្តេចតេជោបានលើកឡើងថា៖ “ដោយដឹងនូវកំហុសលោក ស សាឡុងដេត បានធ្វើការសុំទោសដូចមានក្នុងវីដេអូនេះ។ ដោយសាមុីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈខ្ញុំស្នើរសុំដល់ក្រសួងយុត្តិធម៍ធ្វើការជាមួយដើមបណ្តឹង និងតុលាការដើម្បីបញ្ចប់រឿងក្តីនេះតាមវិធីដែលអាចធ្វើទៅបានដូចជា ការដកពាក្យបណ្តឹង ឬលើកលែងការចោទប្រកាន់”។
គួរបញ្ជាក់ថា ការចេញវីេដេអូសុំទោសរបស់លោកស ឡុងដេត ជាសមាជិករបស់គណបក្សប្រឆាំងនៅកម្ពុជានេះ ធ្វើឡើងក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបជាមួយនឹងកម្មករកម្មការិនីជិត ២ម៉ឺននាក់ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងឲ្យបុគ្គល ស សាឡុងដេត ដែលបានរត់គេចពីភ្នំពេញទៅប្រទេសថៃ ត្រឡប់មកវិញជាបន្ទាន់ ទោះបីជារត់គេចក៏គង់តែគេចាប់ខ្លួនបញ្ជូនមកវិញដដែល។
នៅក្នុងបន្ទប់ប្រជុំមួយនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ បុគ្គល ស ឡុងដេត បាននិយាយជាសាធារណៈថា “ស៊ីហ្គេម (រៀបចំដោយ គ.ជ.ប.អ.) ទាំងមូលមិនដែលបានបង្ហាញអំពីវប្បធម៌ ពីប្រពៃណី បង្ហាញពីសក្តានុពល នៃវប្បធម៌សេដ្ឋកិច្ចរបស់ខ្មែរទេ…“ និង “មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះបានទៅមើល (ព្រឹត្តិការណ៍ស៊ីហ្គេម) និង “អ្វីៗជារឿង ក្លែងក្លាយទាំងអស់។
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បដិសេធទាំងស្រុងការលើកឡើងបែបអគតិទាំងនេះ និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ស សាឡុងដេត នេះ ខណៈស្ថាប័នជាច្រើនបានចេញថ្កោលទោសជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ អក្ខរា