“ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” នឹងផ្តល់ឱកាសការងារសរុបប្រមាណ ៤៥០០កន្លែង ពីក្រុមហ៊ុនធំៗជិត ៣០ នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់ រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៣។
ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងទទួលបានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ ILO។
អ្នកចូលរួម នឹងទទួលបានទាំងឱកាសការងារ និងគន្លឹះអំពីការត្រៀមខ្លួនចូលទីផ្សារការងារពីវាគ្មិនជំនាញនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធន៍ផងដែរ។ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារកុំភ្លេចត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យតាមមុខតំណែងក្នុងក្រុមហ៊ុនដែលខ្លួនពេញចិត្ត៕