បន្ទាប់ពីមានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ មិថុនានេះ លោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ បានចូលជួបសំដែងការគួរសម ការគោរព និងថ្លែងអំណរគុណដោយផ្ទាល់ដល់សម្តេចតេជោនៅគេហដ្ឋានរបស់សម្តេច នៅទីក្រុងតាខ្មៅ ដែលសម្តេចបានផ្តល់ឱកាសចូលបម្រើការងារក្នុងក្រសួងបរិស្ថាន។
តាមរយៈសំណេរលើហ្វេសប៊ុកលោកបណ្ឌិត សាម អ៊ីន បានលើកឡើងថា៖ “ក្រោយជួបជជែកពិភាក្សាជាមួយសម្តេចនាយកជាង ២ម៉ោង ខ្ញុំមានភាពជឿជាក់កាន់តែខ្លាំងជាងមុនទៅលើអនាគតដ៏ល្អប្រពៃរបស់កម្ពុជា។ ខ្ញុំមានជំនឿមុតមាំថា សន្តិភាពនិងស្ថិរភាពនឹងរក្សាបានគង់វង្សល្អ ហើយភាពរីកលូតលាស់ រុងរឿង សម្បូរសប្បាយ ជាមួយចីរភាពបរិស្ថាន នឹងបន្តដំណើរទៅមុខ។ តទៅមុខគឺជាពេលវេលាល្អ ក្នុងការកសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូរ សម្រាប់ជាតិខ្មែរទាំងមូល”។
លោកបានបន្តថា៖ “សម្តេចតេជោ ពាក់អាវពណ៌ទឹកសមុទ្រ ដែលបង្ហាញអំពីទឹកចិត្តដូចមហាសមុទ្ររបស់លោក ដែលអាចទទួលទឹកហូរចូលពីគ្រប់ច្រកល្ហកបាន។ ខ្ញុំពាក់អាវពណ៌បៃតង ដែលបង្ហាញអំពីក្តីស្រឡាញ់បរិស្ថាននិងធម្មជាតិ”។
គួររំលឹកបន្តិចថា លោកបណ្ឌិត សាម អ៊ីន អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បន្ទាប់ពីបានលាឈប់ពីគណបក្សនេះ និងចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច លោកត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ឱកាសឲ្យចូលបម្រើការក្នុងតួនាទីជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលសមស្របតាមជំនាញរបស់លោក។ លោកធ្លាប់បានអះអាងថា គម្រោងរបស់លោក គឺចង់កសាងសហគមន៍គំរូ និងជំរុញការដាំដើមឈើឡើងវិញនៅតំបន់ការពារធម្មជាតិ៕
អត្ថបទ៖ អក្ខរា