សារពិសេស! សម្តេចតេជោ ហ៊ុន សែន ប្រកាសធ្វើវិសោធនកម្មបន្ទាន់ដើម្បីចងជាកាតព្វកិច្ចអ្នកឈរឈ្មោះបោះឆ្នោត, បើចង់ឈរឈ្មោះ ត្រូវតែទៅបោះឆ្នោត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនានេះ បានចេញសារពិសេសពាក់ព័ន្ធការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នៅពេលខាងមុខនេះ។ សម្តេចកត់សម្គាល់ថា មួយរយៈនេះមានការជជែកវែកញែកច្រើនអំពីសេរីភាពនៃការបោះឆ្នោតជាបន្តបន្ទាប់។ សម្តេចតេជោគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់អំពីសិទ្ធិរបស់ពលរដ្ឋ ដោយពលរដ្ឋអាចទៅចូលរួមបោះឆ្នោត ឬមិនបោះឆ្នោតបាន។

ក្នុងសារសំឡេងជាង១២នាទី សម្តេចតេនាយករដ្ឋមន្ត្រីក៏បានប្រកាសធ្វើវិសោធនកម្មបន្ទាន់ ដើម្បីចងជាកាតព្​វកិច្ចសម្រាប់អ្នកឈរឈ្មោះឲ្យគេបោះឆ្នោត ដោយសម្តេចបញ្ជាក់ថា បើចង់ឈរឈ្មោះ ត្រូវតែទៅបោះឆ្នោត បើមិនដូច្នោះទេនឹងត្រូវបាត់បង់សិទ្ធិទាំងការបោះឆ្នោត និងការឈរឈ្មោះបោះឆ្នោត។

សម្តេចតេជោមានប្រសាសន៍ថា៖ “…ការធ្វើវិសោធនកម្មនេះ គឺស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា​៣៤ថ្មី កថាខណ្ឌចុងក្រោយចែងថាបទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់ ដូច្នេះគ្មានអ្វីផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះឡើយ យើងធ្វើវិសោធនកម្មដកសិទ្ធិសម្រាប់អ្នកឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់អ្នកណាមិនព្រមទៅបោះឆ្នោត មុនពេលដែលខ្លួនត្រូវឈរឈ្មោះនោះតែប៉ុណ្ណោះ”។

សម្តេចបានគូសបញ្ជាក់ថា នេះមិនមែនជារឿងចម្លែកទេមានប្រទេសជិតខាងរបស់យើង គឺប្រទេសថៃបាននឹងកំពុងធ្វើដែលធ្វើឲ្យគណបក្សនយោបាយមួយនោះ ត្រូវបាត់បង់អាសនៈយ៉ាងច្រើន ដោយសារគេមិនបានបំពេញកាតព្វកិច្ចក្នុងការបោះឆ្នោតកាលពីលើមុន។ យើងក៏ធ្វើដូចនេះគ្នាដែរ ប៉ុន្តែយើងមិនធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិពលរដ្ឋក្នុងការសម្រេចិត្តទៅបោះឆ្នោតឬមិនបោះឆ្នោតនោះឡើយ តែនេះជាការពង្រឹងទៅដល់ការទទួលខុសត្រូវសម្រាប់អ្នកគ្រប់គ្រងដឹកនាំនៅគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

អត្ថបទ៖ អក្ខរា