យោងតាមលិខិតផ្ទេរសិទ្ធិចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ របស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានផ្ទេរសិទ្ធិជូនលោក សុក ហាច អនុប្រធានគណបក្ស ជាប្រធានស្តីទីគណបក្សភ្លើងទៀន ដើម្បីដឹកនាំ និងចាត់ចែងការងារគណបក្សប្រចាំថ្ងៃ ក្នុងពេលអវត្តមានរបស់លោក ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ពេលលោកប្រធានមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
ការផ្ទេរសិទ្ធិរបស់លោក ទាវ វណ្ណុល និងចាកចេញពីប្រទេសកម្ពុជាស្ងាត់ៗ នាពេលនេះ ធ្វើឡើងក្រោយពីបែកធ្លាយរឿងអាស្រូវដ៏ខ្មៅកង្វក់ ដែលបានឃុបឃិតគ្នាជាមួយជនក្បត់ជាតិ៣ជំនាន់ បោកប្រាស់សមាជិកខ្លួន និងធ្វើឯកសារសុំសិទ្ធិជ្រកកោនទៅរស់នៅប្រទេសបារាំង ។
គួររម្លឹកថា លោកស្រី ញ៉ែម សាវ៉ាត ដែលជាសមាជិក និងជាអ្នកចម្រៀងរបស់គណបក្សភ្លើងទៀន បានចេញវីដេអូនិយាយលាតត្រដាតរឿងអាស្រូវឃុបឃិតគ្នារវាងលោក ទាវ វណ្ណុល និងទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី រួមទាំងបក្ខពួកក្នុងការយកលុយធ្វើឯកសារដើម្បីបានសិទ្ធិទៅជ្រកកោនទៅរស់នៅប្រទេសបារាំង។
លោកស្រី ញ៉ែម សាវ៉ាត បានអះអាងថា លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងទណ្ឌិត សម រង្ស៊ី បានបំភ័យនិងបោកប្រាស់ ឱ្យលោកស្រីរត់ទៅប្រទេសបារាំង និងបានចេញលិខិតមួយដើម្បីឱ្យលោកស្រីប្រើប្រាស់។
លោកស្រី ញ៉ែម សាវ៉ាត បានបញ្ជាក់ថា អ្នកដែលអត់មានឯកសារទេ ក្រុមលោក សម រង្ស៊ី ធ្វើការយកលុយធ្វើឯកសារ ដើម្បីសុំសិទ្ធិជ្រកកោននៅទឹកដីបារាំង។ ហើយសូម្បីតតែបារាំងក៏ក្រុមលោក សម រង្ស៊ី បោកដែរ ព្រោះអត់ដឹង ហើយស្អីក៏ដោយឱ្យតែមានភស្តុតាង និងក្រដាសស្នាម គឺគេជឿតែម្តង ហើយធ្វើម៉េចឱ្យបានឯកសារទាំងនោះ ទោះចំណាយអស់ប៉ុន្មានក៏យើងចង់បានឯកសារបញ្ជាក់ពីគណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ ដើម្បីយកទៅរត់ឯកសារដើម្បីសុំសិទ្ធិជ្រកកោនរស់នៅបារាំង។ លោកស្រីបានទៅដល់ទឹកដីបារាំងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ។
ក្រោយការលាតត្រដាងនេះ នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហាញវីដេអូបកស្រាយរបស់ លោកស្រី ញ៉ែម សាវ៉ាត និងបានបញ្ជាឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បំភ្លឺទៅរដ្ឋាភិបាលបារាំង អំពីលិខិតរបស់ទណ្ឌិត សម រង្ស៊ី។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ “សូមអ្នកច្បាប់សិក្សាអំពីផ្លូវច្បាប់នូវលិខិតរបស់គណបក្សភ្លើងទៀនដែលចុះហត្ថលេខាដោយទាវ វណ្ណុលជាមួយលិខិតរបស់ខ្មោចគណបក្សសង្រ្គោះជាតិដែលចុះហត្ថលេខាដោយទណ្ឌិតរត់ចោលគុកតើមានទំនាក់ទំនងយ៉ាងណាជាមួយគ្នា?។
សូមក្រសួងការបរទេសចាត់ចែងបំភ្លឺទៅរដ្ឋាភិបាលបារាំងលើករណីលិខិតទណ្ឌិតរត់ចោលគុកដែលមានចរិត្តមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាផងនិងបោកប្រាស់រដ្ឋាភិបាលបារាំងផង។រឿងបោកប្រាស់បែបនេះបានកើតឡើងច្រើនរួចមកហើយឯរដ្ឋាភិបាលបរទេសក៍ចាញ់បោកក្រុមនេះច្រើនហើយដែរ។”
អត្ថបទ៖ ពុទ្ធិកា
វីដេអូបកស្រាយរបស់ លោកស្រី ញ៉ែម សាវ៉ាត៖