សម្ដេចក្រឡាហោម ស ខេង៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត តែងតែចុះដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើឯកសារពាក់ព័ន្ធសម្រាប់បម្រើដល់ការងាររៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី០៦ និងលើកទិសដៅសម្រាប់អនុវត្តបន្ដ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បន្ទាប់ពីបានគោលការណ៍ និងការឯកភាពពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត បានរៀបចំខ្លឹមសារសម្រាប់ការប្រជុំនៅចុងអាណត្តិទី០៦នេះ ដើម្បីស្ដាប់បញ្ហាប្រឈម ឬសណូមពរនានារបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍បង្ហាញការកត់សម្គាល់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នាពេលកន្លងមកនេះ មានភាពល្អប្រសើរ ហើយក៏ជាផ្នែកមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹងសុខទុក្ខ និងជីវីភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋផងដែរ។

សម្ដេចក្រឡាហោម បន្ដទៀតថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត តែងតែចុះសួរសុខទុក្ខ ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយក្រុមការងារ ក៏បានចូលរួមចំណែក អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋានដោយបានកសាងសមិទ្ធផលជាច្រើនផងដែរ។

សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាសហអធិបតីពីសំណាក់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព-ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងសមាជិក សមាជិការនៃកិច្ចប្រជុំជាច្រើនរូបទៀត៕