សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគម និងជាប្រធានបេសកកម្មចុះតាមរោងចក្រ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណចំនួន២៧៩នាក់ ចុះពិនិត្យនិងព្យាបាលជំងឺជូនដល់កម្មករ កម្មការិនី អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។
លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង បានបញ្ជាក់ថា គោលបំណងធំនៃការបង្កើតសមាគម TYDA គឺ៖ ទី១-ផ្តល់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ មិនប្រកាន់និន្នាការនយោបាយ សាសនា ឫពណ៌សម្បុរនោះទេ ទី២-ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋក្រីក្រតាមទីជនបទដាច់ស្រយាល និងទី៣-ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ឱកាសដល់ប្អូនៗនិសិ្សតពេទ្យ និងយុវជនស្ម័គ្រចិត្តផ្សេងៗបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ដើម្បីសង្គមជាតិខ្មែរយើង។
លោកវេជ្ជបណ្ឌិត បានបន្តថា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែទាំសុខភាពជូនប្រជាពលរដ្ឋ។ ហើយក្រៅពីអនុញ្ញាតឱ្យក្រុមការងារចុះមកពិនិត្យជំងឺ ឯកឧត្តម និងលោកជំទាវ ក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់ចំពោះលោកតា លោកយាយ ពូមីង បងប្អូនកម្មករ កម្មការិនីទាំងអស់គ្នា ផងដែរ។
ជាមូយគ្នានេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានមានមតិស្វាគមន៍ និងបង្ហាញក្តីសោមនស្សសប្បាយរីករាយចំពោះវត្តមានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ដែលបាននចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខនាពេលនេះ ។
លោកអភិបាលខណ្ឌ ក៏សំណូមពរដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបន្តចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជាបន្តបន្ទាប់ទៀតផងដែរ។
តាមរបាយការណ៍ ការចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅ ខណ្ឌសែនសុខនេះ គឺមានកម្មករកម្មការិនី និងប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺទាំងអស់ក្នុងថ្ងៃនេះមានចំនួន ១,៤៥០នាក់ ស្មើនឹងជិត៣០០០ ករណី ដោយក្នុងនោះមានជំងឺបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យដៃគូមានចំនួន ១៧ ករណី។
គិតមកទល់នឹងពេលនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA មានអាយុ១០ឆ្នាំហើយ ដោយមានសមាជិកជាង៨ពាន់នាក់ ដោយបានព្យាបាលអ្នកជំងឺទូទាំងប្រទេសសរុបចំនួន ៤០ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង៧ពាន់នាក់ ត្រូវបានសមាគមបញ្ចូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូរសហការនានា ក្នុងនោះអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៦៥នាក់ បានបញ្ចូនមកនិងវះកាត់ដោយជោគជ័យផងដែរ៕
អត្ថបទ៖ ពុទ្ធិកា