ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំវេទិកាផ្សព្វផ្សាយប្រកាស ដើម្បីដាក់ដំណើរការគោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។
លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថា “គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា” នេះ គឺជាកិច្ចសហការរៀបចំឡើងដោយក្រសួងរ៉ែនិងថាមពល និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ គោលការណ៍នេះ បានកំណត់ចក្ខុវិស័យក្នុងការលើកកម្ពស់ការគ្រប់គ្រងការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា ឱ្យបានច្បាស់លាស់ មានប្រសិទ្ធភាព មានតម្លាភាព ស្មើភាពគ្នា គណនេយ្យភាព និងសមធម៌។
លោក បន្តថា៖«តាមយៈគោលការណ៍នេះ យើងនឹងផ្តល់ការអនុញ្ញាតដល់ការស្នើសុំដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់អគ្គិសនីទាំងឡាយ ដែលមិនមានការប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ ហើយអាចចែករំលែកទំហំនៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិតដែលបានកំណត់ក្នុងផែនការមេតាមប្រព័ន្ធកូតាឱ្យទៅអ្នកប្រើប្រាស់អគ្គិសនីដែលមានបំណងបំពេញកាតព្វកិច្ចបរិស្ថាន និងការប្រែប្រួលអាកាសធាតុ»។
បន្ថែមពីការគ្រប់គ្រង និងជួយសម្រួលដល់អ្នកប្រើប្រាស់នោះ រាជរដ្ឋាភិបាលកម្ពុជា ក៏អាចបំពេញបន្ថែមការប្តេជ្ញាចិត្តក្នុងការ កាត់ បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចមានចែងក្នុងរបាយការណ៍រួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពី រដ្ឋមន្រ្តីក្រសួងរ៉ែនិង ថាមពល៕