នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យកងទ័ពត្រូវបន្តអភិវឌ្ឍសមត្ថភាពឲ្យបានជាប់ជាប្រចាំ និងត្រៀមកម្លាំងស្មារតីដោះស្រាយគ្រប់សភាពការណ៍ ជាពិសេស គ្រោះមហន្តរាយធម្មជាតិអាចកើតឡើងជាយថាហេតុ។ សម្តេចតេជោ បានថ្លែងនៅព្រឹកថ្ងៃទី១២មិថុនា២០២៣នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាបន្តថា កងពលតូចលេខ៧០ និងកងយោធពលខេមរភូមិន្ទ ត្រូវត្រៀមខ្លួនជានិច្ចជួយសង្រ្គោះប្រជាជន និងត្រូវត្រៀមមធ្យោបាយដឹកជញ្ជូនសម្រាប់ដឹកសម្ភារផ្សេងៗ ផ្តល់ជំនួយ ផ្តល់សេវាថែទាំព្យាបាលសុខភាព បង្កើនកិច្ចសហប្រតិបត្តិការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងប្រតិបត្តិការសង្គ្រោះនានាដែលកើតឡើងជាយថាហេតុ។
ទន្ទឹមនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរដល់មេបញ្ជាការ មេបញ្ជាការរងកងពលតូចលេខ៧០ ដែលបានខិតខំ និងពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសការរក្សាបានសុខសន្តិភាព ស្ថេរភាពក្នុងសង្គម៕
អត្ថបទ៖ អក្ខរា