ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ, ទី១១ ខែមិថុនា ឆ្នាំ២០២៣។
ចំពោះមុខក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានណែនាំថា ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាកាន់តែខិតជិតមកដល់ សូមសកម្មជនយុវជនបក្ស ព្រមទាំងសមាជិក-សមាជិកាបក្សទាំងអស់ គប្បីអនុវត្តនូវគោលការណ៍ “៣ គួរ និង ៣ កុំ”។
ឯកឧត្តម ហ៊ុន ម៉ាណែត បកស្រាយបន្តថា ៣ គួរ រួមមាន៖ គួរទី១. យុវជនគួររក្សាជានិច្ចនូវស្មារតីយកប្រជាជនជាធំឱ្យស័ក្តិសមនឹងឈ្មោះ “គណបក្សប្រជាជនកម្ពុជា”, គួរទី២. គួរស្វែងយល់ឱ្យបានច្បាស់អំពីបុព្វហេតុ គុណតម្លៃ ក៏ដូចជាកម្មវិធីនយោបាយ និងទិសដៅនានារបស់គណបក្សដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងគួរទី៣. គួរមានស្មារតីបុរេសកម្មក្នុងការការពារ និងឆ្លើយតបចំពោះរាល់ការចោទប្រកាន់នានាគ្មានមូលដ្ឋានរបស់ក្រុមអគតិ ឬជ្រុលនិយមមួយចំនួន។
រីឯ ៣ កុំ រួមមាន៖ កុំទី១. កុំបង្កនូវការថ្នាំងថ្នាក់ដល់ប្រជាជន, កុំទី២. កុំធ្វើអ្វីដែលជាការបំពានដល់គោលការណ៍ច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប. និងកុំទី៣. កុំបណ្តោយឱ្យមានសកម្មភាពណាមួយដែលប៉ុនប៉ងបំពានច្បាប់បោះឆ្នោត, បំផ្លាញការបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត។
បេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីមូលហេតុធំ និងសាមញ្ញនៃការអនុវត្តគោលការណ៍ “៣គួរ និង៣កុំ” ដែរនេះថា គឺដើម្បីឱ្យប្រជាជនកម្ពុជាបន្តមានជំនឿចិត្ត មានក្តីសង្ឃឹម និងលំនឹងស្ថិរភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយច្បាស់ថា យើងទាំងអស់អាចបន្តរស់នៅប្រកបដោយសេចក្តីសុខក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍ និងដោយគ្មានការព្រួយបារម្ភ ឬហានិភ័យណាមួយនោះឡើយ៕
អត្ថបទ៖ ពុទ្ធិកា