គណបក្សខ្មែរួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទទួលបាន អតីតតំណាងរាស្ត្រ បក្សប្រឆាំង៣រូប ជាបេក្ខជនឈរឈ្មោះពេញសិទ្ធិ តំណាងឲ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣នេះ។
នៅក្នុងបញ្ជីបេក្ខជនឈរឈ្មោះផ្លូវការ គឺលោក យ៉ែម បុញ្ញឫទ្ធិ ដែលជាអតីតតំណាងរាស្ត្រខេត្តព្រៃវែង អាណត្តិទី៥ នៃអតីតគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិជាថ្មីម្ដងទៀតនៅមណ្ឌលខេត្តព្រៃវែង តំណាងឲ្យគណបក្សខ្មែររួបរួមជាតិ។
រីឯលោក ង៉ោ គឹមជាង អតីតតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង នៃអតីតគណបក្សប្រឆាំងនេះ កាលពីអាណត្តិទី៥ បានក្លាយជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តត្បូងឃ្មុំ និងអតីតតំណាងរាស្ត្រខេត្តព្រៃវែងមួយទៀត គឺលោក ទួត ឃឿត ឈរជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរៀងទី២ មណ្ឌលខេត្តបាត់ដំបង នៃគណបក្សខ្មែររួបរួមជាតិ។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស ឈរជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ នៅមណ្ឌល ខេត្តបន្ទាយមានជ័យ សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ គណបក្សខ្មែររួបរួមជាតិ បានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅមណ្ឌលទាំង ២៥រាជធានី-ខេត្ត ដែលមានបេក្ខជនសរុបចំនួន២៦៦នាក់៕